កីឡា

សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា៖ ប្រតិភូកីឡាកាយវប្បកម្មណាចេញប្រកួតក្រៅប្រទេសគ្មានការឯកភាពពីសហព័ន្ធ និងគ្មានលិខិតឧទ្ទេសនាមចេញដោយក្រសួងអប់រំ ជាការប្រកួតជាលក្ខណបុគ្គល ឬអាជីវកម្មផ្ទាល់ខ្លួន

ភ្នំពេញ៖សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា (សកលក) នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញសេចក្តីព័ត៌មាន ស្តីការចេញដំណើរចូលរួមការប្រកួតកីឡាកាយវប្បកម្មកម្រិតអន្តរជាតិនៅក្រៅប្រទេសរបស់កីឡាករ-កីឡាការិនីរបស់សហព័ន្ធតំណាងឲ្យប្រទេសកម្ពុជា ដោយកីឡាករ-កីឡាការិនីទទួលបានស្អាតស្អំ មិនប្រើប្រាស់សារធាតុដូប៉ា និងត្រូវមានការបញ្ជាក់យ៉ាងត្រឹមត្រូវ ដោយអនុលោមយ៉ាងម៉ឺងម៉ាត់តាមបទបញ្ញត្តិរបស់ទីភ្នាក់ងារប្រឆាំងសារធាតុដូប៉ាពិភពលោក (WADA)។

យោងតាមគោលការណ៍ និងការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ចំពោះការរៀបចំ និងការចូលរួមការ ប្រកួតជាផ្លូវការទាំងអស់ដែលពាក់ព័ន្ធនឹងកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ គឺតម្រូវឲ្យសហព័ន្ធសាម៉ី រៀបចំលិខិតស្នើសុំ គោលការណ៍អនុញ្ញាតឱ្យរៀបចំការប្រកួត ឬចូលរួមការប្រកួតអន្តរជាតិ។

ជាក់ស្តែង សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ ប្រាណកម្ពុជា បានគោរពតាមគោលការណ៍ និងការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ជានិច្ច ដើម្បីភាពស្របច្បាប់ និងការទទួលស្គាល់ជាផ្លូវការ។ លើសពីនេះ កីឡាករ កីឡាការិនី ដែលចូលរួមការប្រកួតលក្ខណៈជាអន្តរជាតិ និងជាការប្រកួត ផ្លូវការ គឺដាច់ខាតជាកីឡាករ កីឡាការិនី ស្អាតស្អំ មិនប្រើប្រាស់សារធាតុដូប៉ា និងត្រូវមានការបញ្ជាក់យ៉ាងត្រឹមត្រូវ ដោយ អនុលោមយ៉ាងម៉ឺងម៉ាត់តាមបទបញ្ញត្តិរបស់ទីភ្នាក់ងារប្រឆាំងសារធាតុដូប៉ាពិភពលោក (WADA)។

ក្នុងន័យនេះ រាល់ការចូលរួមណារបស់ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីកាយវប្បកម្ម និងលំហាត់ប្រាណ ដែល ចូលរួមការប្រកួតអន្តរជាតិ ពុំមានការឯកភាពពីសហព័ន្ធ និងពុំមានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា គឺជាការចូល រួមក្នុងនាមបុគ្គល ឬអាជីវកម្មផ្ទាល់ខ្លួនតែប៉ុណ្ណោះ មិនមែនក្នុងនាមតំណាងឲ្យព្រះរាជាណាចក្រកម្ពុជានោះទេ៕

ដោយ៖ លី ភីលីព

Most Popular

To Top