កីឡា

ប្រភេទកីឡាចំបាប់ និងកីឡា ៤ ប្រភេទចាប់ផ្តើមជាផ្លូវការនៃការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពកុមារ”

ភ្នំពេញ៖ ប្រភេទកីឡាចំបាប់ និងកីឡា ៤ ប្រភេទក្នុងចំណោម១២ ប្រភេទកីឡាបាន ធ្វើការប្រកួតជាផ្លូវការហើយនាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ក្នុងការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពកុមារ” នៅទូទំាងរាជធានីភ្នំពេញ ក្រោមការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡាសហការជាមួយសហព័ន្ធកីឡាជាតិទំាង ១២ ប្រភេទកីឡា។

ចំពោះកីឡាទំាង ៥ ប្រភេទកីឡារួមមានកីឡាចំបាប់ កីឡាគុនដាវ កីឡាបាល់ទាត់ កីឡាបាល់ទះ និងកីឡាបាល់បោះ។
ការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៦ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ មានប្រតិភូ អ្នកដឹកនាំក្រុម និងគ្រូបង្វឹកចូលរួមចំនួន ៦៤៧ នាក់ កីឡាករ-កីឡាការិនី ចំនួន ២៦៨៩ នាក់ លើវិញ្ញាសាសរុបចំនួន ៦២ វិញ្ញាសា ។

ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦នេះ យើងប្រើប្រាស់ទីលានចំនួន ១០ ទីតាំង៖ បាល់ទាត់ (វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វិទ្យាល័យច្បារអំពៅ វិទ្យាល័យ ជា ស៊ីម បឹងកេងកង និងវិទ្យាល័យជ្រោយចង្វារ) ។ បាល់ទះ (វិមានពហុកីឡដ្ឋានជាតិ វិទ្យាល័យវត្តកោះ ក្លឹបស្នងការដ្ឋាន រាជធានីភ្នំពេញ និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា) និងបាល់បោះ (ពហុកីឡដ្ឋានជាតិ និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា )។

កីឡាអត្តពលកម្ម (ពហុកីឡដ្ឋានជាតិ និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា) វាយកូនឃ្លីលើតុ (សាលប៊ូយ៉ុង ពហុកីឡដ្ឋានជាតិ) វាយសី (សហព័ន្ធកីឡាវាយសី ពហុកីឡដ្ឋានជាតិ) កីឡាតេក្វាន់ដូ WT (សាលប៊ូយ៉ុងពហុកីឡដ្ឋានជាតិ) ប៊ូល និងប៉េតង់ (ទីលានប៊ូល និងប៉េតង់ ពហុកីឡដ្ឋានជាតិ) គុនល្បុក្កតោ (សាកលវិទ្យាល័យភូមិន្ទភ្នំពេញ) ហែលទឹក (អាងហែលទឹកពហុកីឡដ្ឋានជាតិ) គុនដាវ (ផ្សារទំនើបអូឡាំព្យា) និងចំបាប់ (សាលកាយសម្ព័ន្ធ ពហុកីឡដ្ឋានជាតិ)៕

ដោយ៖ លី ភីលីព

Most Popular

To Top