ទីក្រុងហាណូយ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ស្ត្រីជនជាតិវៀតណាមម្នាក់នៅទីក្រុងហាណូយត្រូវបានចោទប្រកាន់ពីបទគេចពន្ធលើការលក់ពេជ្រ និងទំនិញប្រណីតតាមអ៊ីនធើណេតចំនួនទឹកប្រាក់៨៣៥ ពាន់លានដុង (៣២ លានដុល្លារអាមេរិក) រួមទាំងកាបូបHermes និងនាឡិកា ។
យោងតាមការចោទប្រកាន់ដែលទើបចេញដោយអយ្យការប្រជាជនហាណូយថា អ្នកស្រី Nguyen Thi Thu Huong អាយុ ៣៧ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទគេចពន្ធរួមជាមួយអ្នកផ្គត់ផ្គង់២ នាក់របស់អ្នកស្រី គឺអ្នកស្រី Ngo Quoc Phu អាយុ ៣០ ឆ្នាំ និងអ្នកស្រី To Lan Phu អាយុ ៤៥ ឆ្នាំ។
នេះបើយោងតាមការចោទប្រកាន់បាននិយាយថា ចាប់ពីឆ្នាំ ២០២០ រហូតដល់អ្នកស្រី ត្រូវបានរកឃើញដោយអាជ្ញាធរពន្ធដារនាខែមិថុនា ឆ្នាំ ២០២៥ អ្នកស្រី Huong បានដំណើរការអាជីវកម្មពាណិជ្ជកម្មអេឡិចត្រូនិកមិនបានចុះបញ្ជី ដែលលក់ទំនិញប្រើប្រាស់រួច រួមទាំងកាបូបដៃ នាឡិកា ពេជ្រ សម្លៀកបំពាក់ និងគ្រឿងបន្ថែមដែលមានម៉ាកល្បីៗដូចជា Versace, Louis Vuitton, Cartier និង Hermes ។
អ្នកស្រីត្រូវបានគេចោទថា បានដាក់លក់ទំនិញទាំងនោះនៅលើទំព័រ Facebook មួយ មានឈ្មោះថា “Hycloset – New things by hy” ដែលអ្នកស្រីបានបង្កើតឡើង ហើយបានទទួលការទូទាត់តាមរយៈគណនីធនាគារផ្ទាល់ខ្លួនរបស់អ្នកស្រី និងស្វាមីរបស់អ្នកស្រី ។ អ្នកស្រីបានជួលបុគ្គលិកចំនួន ៨ នាក់ ដើម្បីដោះស្រាយកិច្ចការនានា រួមមានការឆ្លើយតបទៅអតិថិជន ដំណើរការការបញ្ជាទិញ ការវេចខ្ចប់ ការត្រួតពិនិត្យស្តុក និងការដឹកជញ្ជូន៕
