អង់គ្លេស៖យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាម៉ូដែល និងម្ចាស់មាតិកាសម្រាប់ មនុស្សពេញវ័យម្នាក់ បានឆ្លងកាត់របាំង ហើយរត់ចូលទៅក្នុងតំបន់ប្រកួត ភាពវឹកវរយ៉ាងខ្លាំង បង្កឲ្យផ្អាកការប្រកួត បណ្តោះអាសន្ននៃវគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាស្នូកឃ័រ ជើងឯកពិភពលោកឆ្នាំ ២០២៦ “2026 World Snooker Championship”។
ស្ត្រីរូបនេះបានឆ្លងកាត់របាំងដែលបំបែកស្តង់ពីតំបន់ប្រកួត ហើយប្រញាប់ប្រញាល់ទៅកាន់តុស្នូកឃ័រក្នុងអំឡុងពេលផ្នែកដំបូងនៃវគ្គផ្តាច់ព្រ័ត្ររវាងកីឡាករ Wu Yize និងកីឡាករ Shaun Murphy នៅរោងមហោស្រព Crucible ទីក្រុង Sheffield ចក្រភពអង់គ្លេសកាលពីល្ងាចថ្ងៃអាទិត្យ។
អាជ្ញាកណ្តាលការប្រកួត លោក Rob Spencer បានស្ទាក់ចាប់ស្ត្រីនោះភ្លាមៗ ដើម្បីរារាំងនាងមិនឲ្យទៅដល់តុ។ សន្តិសុខបានចូលទៅជិតយ៉ាងលឿន ហើយបាននាំនាងចេញពីទីកន្លែងប្រកួត ដែលធ្វើឲ្យការប្រកួតបន្តភ្លាមៗបន្ទាប់ពីនោះ។
យោងតាមកាសែត The Sun បាននិយាថា ជនល្មើសត្រូវបានកំណត់អត្តសញ្ញាណថា ជានាង Sasha Swan ជាតារាម៉ូដែលដែលមានអ្នកតាមដានជាង ៣៦.០០០ នាក់នៅលើបណ្តាញសង្គម X ដែលសកម្មនៅលើវេទិកាមាតិកាសម្រាប់មនុស្សពេញវ័យ។
ពេលកំពុងប្រញាប់ប្រញាល់ចុះទៅលើឥដ្ឋ នាងបានស្រែកតវ៉ាម្តងហើយម្តងទៀតប្រឆាំងនឹងថ្លៃអាជ្ញាប័ណ្ណទូរទស្សន៍ចក្រភពអង់គ្លេសជាកាតព្វកិច្ច។ ថ្លៃសេវាទាំងនេះត្រូវបានបង់ដោយអ្នកស្រុកអង់គ្លេសដើម្បីមើលការផ្សាយផ្ទាល់ និងសេវាកម្មរបស់ BBC។
អ្នកទស្សនាជាច្រើននៅ Crucible មានការខឹងសម្បារយ៉ាងខ្លាំងចំពោះការរំខាននេះ។ សំឡេងស្រែកហ៊ោកញ្ជ្រៀវបានផ្ទុះឡើងពីកន្លែងអង្គុយ បន្ទាប់មកសំឡេងទះដៃអបអរសាទរយ៉ាងខ្លាំង នៅពេលដែលសន្តិសុខបាននាំនាង Swan ចេញទៅ។
ប៉ុន្មានម៉ោងក្រោយមក Swan បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមដោយទទួលស្គាល់ហេតុការណ៍នេះ។ នាងបានបន្តរិះគន់ BBC និងការប្រកួត ដោយប្រកាសថាគ្មាននរណាម្នាក់នឹងបង់ថ្លៃអាជ្ញាប័ណ្ណទូរទស្សន៍ទៀតទេ៕
