ភ្នំពេញ ៖ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ម្ចាស់មេដាយមាសកម្រិតពិភពលោកជាច្រើនសម័យកាល លោក ប៉ាល់ ជីវ័ន្ត ជាវីរកីឡាករតេក្វាន់-ដូ ITF ជើងចាស់ដ៏ល្បីល្បាញរបស់កម្ពុជា និងគ្រូបង្វឹក ជម្រើសជាតិ បានដឹកនាំក្រុមកីឡាករ-កីឡាការិនីតេក្វាន់-ដូ ITF ចូលរួមសម្តែង ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពានរង្វាន់ «ជើងឯកវិទ្យាល័យ» លើកទី៥ ឆ្នាំ២០២៥-២៦ នៅហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។

លោក ប៉ាល់ ជីវ័ន្ត គ្រូបង្វឹកជម្រើសជាតិ បាននិយាយថា ការចូលរួមសម្តែងនេះ គឺជាការហ្វឹកហាត់ចិត្តសាស្ត្រសា្មរតី ទំាងផ្លូវកាយផ្លូវចិត្ត របស់ក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF ដើម្បីចូលរួមព្រឹត្តិការណ៍ធំៗនានាលើឆាកអន្តរជាតិ ជាពិសេសព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី១១ ឆ្នាំ២០២៦ នៅទីក្រុង Ulaanbaator ប្រទេសម៉ុងហ្គោលី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ។

កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ក្រុមកីឡាករ-កីឡាការិនីតេក្វាន់-ដូ ITF ចូលរួមសម្តែងជាផ្លូវការក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋម សិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពកុមារ” នៅទូទំាងរាជធានីភ្នំពេញ ក្រោមការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាសហការជាមួយសហព័ន្ធកីឡាជាតិទំាង ១២ ។

សហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា គ្រោងបញ្ជូនគណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងក្រុមកីឡាករ-កីឡាការិនីតេក្វាន់-ដូ ITF កម្ពុជាចំនួន ៤៦ នាក់ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី១១ ឆ្នាំ២០២៦ នៅទីក្រុង Ulaanbaator ប្រទេសម៉ុងហ្គោលី៕





