កីឡា

ក្រុមបាល់ទាត់ជើងឯក លេចធ្លោប្រចាំខេត្តពីរ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជន AIA–ISF Youth League ប្រចាំឆ្នាំ២០២៦

ខេត្តបាត់ដំបង ៖ អង្គការផ្កាយសមុទ្រ ពិតជាមានមោទនភាពក្រៃលែង ក្នុងការអបអរសាទរឆ្នាំដ៏ជោគជ័យមួយទៀតនៃ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជន AIA–ISF Youth League ប្រចាំឆ្នាំ២០២៦ បន្ទាប់ពីបិទការប្រកួតវិលជុំនេះដោយជោគជ័យក្នុងខេត្តកំពង់ធំ និងខេត្តបាត់ដំបង ដោយពិធីបិទការប្រកួត នៅខេត្តកំពង់ធំធ្វើឡើងនា ថ្ងៃទី២៩ ខែមីនា ខណៈកម្មវិធីបិទការប្រកួតនៅខេត្តបាត់ដំបង បានប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមេសា ។

ក្នុងកម្មវិធីប្រចាំខេត្តទាំង២ មានវត្តមានប្អូនៗកីឡាករជាកុមារ និងយុវជន ៧២០ នាក់មកពីក្រុមចំនួន ៦០ បានចូលរួមប្រកួតអស់រយៈពេលជាច្រើនសប្ដាហ៍ ដើម្បីដណ្ដើមឱកាសឈានទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ AIA–ISF Youth League Grand Championship នាពេលខាងមុខនៅរាជធានីភ្នំពេញ ។ ពេញមួយរដូវកាលនេះ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន AIA–ISF Youth League មិនត្រឹមតែផ្តល់ឱកាសឲ្យប្អូនៗ បានចូលរួមប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសដល់ ពួកគេកសាងទំនុកចិត្ត ភាពក្លាហាន ពង្រឹងសមត្ថភាពការងារជាក្រុម និងការទំនាក់ទំនង អភិវឌ្ឍភាព ជាអ្នកដឹកនាំ និងបង្កើតមិត្តភាព នៅក្នុងបរិយាកាសដ៏សុវត្ថិភាព មានការចូលរួម និងគាំទ្រគ្នាទៅវិញ ទៅមកទៀតផង ។

ការប្រកួតវិលជុំនៅខេត្តទាំង២បានបញ្ចប់ក្តីរំភើបសម្រាប់ការប្រកួតវគ្គ ផ្តាច់ព្រ័ត្រ ISF Grand Championship នៅថ្ងៃទី៧ ខែមិថុនា ដែលក្រុមឈ្នះប្រចាំរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តបាត់ដំបងនឹងជួបប្រកួតគ្នាដើម្បីដណ្ដើមជើងឯកក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ AIA–ISF Youth League Grand Champions 2026 ។ ការប្រកួតនេះនឹងក្លាយជាការអបអរសាទរ ដ៏អស្ចារ្យនៃទេពកោសល្យ ការតាំងចិត្ត ស្មារតីកីឡា និងសាមគ្គីភាពសហគមន៍ ។

ឆ្នាំ ២០២៦ គឺជាឆ្នាំទី១០ហើយ ដែលក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានបន្តគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth Leagueជាសមិទ្ធផលដ៏សំខាន់មួយនៃភាពជាដៃគូដែលកសាងឡើងលើការប្តេជ្ញារួមគ្នាក្នុងការ អភិវឌ្ឍយុវជន សុខភាព និងការបង្កើតឱកាសតាមរយៈវិស័យកីឡា ។

ក្នុងនាមជាស្ថាប័នឈានមុខគេក្នុងការលើកកម្ពស់ ការរស់នៅប្រកបដោយសុខភាពល្អ និងសកម្មភាព រស់នៅប្រចាំថ្ងៃ AIA Cambodia បានបន្តប្តេជ្ញាចិត្តរយៈពេលវែង ដើម្បីជួយឲ្យប្រជាជនកម្ពុជារស់នៅកាន់តែមានសុខភាពល្អ អាយុវែង និងជីវិតកាន់តែប្រសើរ។ លីគនេះក៏គាំទ្រដល់គំនិតផ្តួចផ្តើម ថ្នាក់តំបន់របស់ AIA Group “AIA One Billion” មានគោលបំណងបង្កើតផលវិជ្ជមាន ដល់ជីវិតមនុស្សមួយពាន់លាននាក់នៅទូទាំងអាស៊ីត្រឹមឆ្នាំ ២០៣០ព្រមទាំងពង្រឹង យុទ្ធនាការ “One Life, One Health” របស់ AIA Cambodia ក្រោមប្រធានបទ “Cherish it, Protect it” ផងដែរ៕

Most Popular

To Top