កីឡា

ថ្នាក់ដឹកនាំសហព័ន្ធកាយវប្បកម្ម ចេញទៅចូលរួមព្រឹត្តិការណ៍ ជើងឯកអាស៊ីអាគ្នេយ៍ ខណៈខកចិត្តមិនបានបញ្ជូនកីឡាករ ចូលរួមប្រជែងមេដាយជូនជាតិ

ភ្នំពេញ ៖ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានដឹកនាំមន្រ្តី សហព័ន្ធរបស់ខ្លួន ចេញទៅចូលរួមបម្រើការងារ បច្ចេកទេស ការប្រកួតកីឡាកាយវប្បកម្ម ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២០ ឆ្នាំ២០២៦ នៅប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែលោកប្រធានបានបង្ហាញ ការសោកស្តាយយ៉ាងខ្លាំង ដែលមិនបានបញ្ជូនកីឡាករ របស់ខ្លួនចូលរួមប្រកួត ដណ្តើមមេដាយជូនជាតិមាតុភូមិ ។

សម្រាប់ដំណើរការចាកចេញពីមាតុប្រទេស នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោក តឹក ប៊ុនវី បានគូសបញ្ជាក់ថា ការខកចិត្តចំពោះសហព័ន្ធមិនអាចបញ្ជូនកីឡាករជម្រើសជាតិរបស់ខ្លួនចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំនេះបាន ដោយសារទីភ្នាក់ងារកម្ពុជា ប្រឆាំងដូប៉ា (CADA) នៃក្រសួងអប់រំបានចេញលិខិតបញ្ជាក់ថា កម្ពុជាជារដ្ឋហត្ថលេខី នៃអនុសញ្ញាអន្តរជាតិ ប្រឆាំងនឹងការប្រើប្រាស់សារធាតុដូប៉ា ក្នុងវិស័យកីឡា និងប្រតិបត្តិតាមក្រមប្រឆាំងសារធាតុដូប៉ាពិភពលោក រីឯសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា មិនទាន់ស្ថិតក្រោម រចនាសម្ព័ន្ធ ដែលអនុលោមតាមក្រមប្រឆាំងសារធាតុដូប៉ាពិភពលោក នៅឡើយទេ ដោយស្ថិតក្រោម រចនាសម្ព័ន្ធរបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណពិភពលោក (WBPSF) ដែលមិនមែនជាសមាជិក និងប្រតិបត្តិតាមក្រមប្រឆាំង សារធាតុដូប៉ាពិភពលោក ។ ក្នុងន័យនេះ ក្រសួងស្នើឱ្យសហព័ន្ធខិតខំបំពេញតាមលក្ខខណ្ឌ ក្រមប្រឆាំងសារធាតុដូប៉ាពិភពលោក និងស្ថិតក្រោមរចនាសម្ព័ន្ធដែលអនុលោម តាមក្រមប្រឆាំងសារធាតុដូប៉ាពិភពលោក ។

លោក តឹក ប៊ុនវី បញ្ជាក់ថា ការចូលរួមលើកនេះ ក្នុងសិទ្ធិជាសមាជិកប្រតិបត្តិរបស់សហព័ន្ធកាយវប្បកម្មអាស៊ីអាគ្នេយ៍ ដែលមាន១១ប្រទេស តែប៉ុណ្ណោះ។ យ៉ាងណា លោកនឹងយកបញ្ហានេះទៅលើកឡើងនៅក្នុងកិច្ចប្រជុំរបស់អាស៊ីអាគ្នេយ៍ ដើម្បីឱ្យមានដំណោះស្រាយសមស្របណាមួយ។ ប្រធានសហព័ន្ធរូបនេះ ពន្យល់ថា កន្លងមក លោកមិនធ្លាប់ដឹងទេថា WBPSF នេះស្ថិតនៅក្រៅស្ថាប័នប្រឆាំង សារធាតុហាមឃាត់ ក្នុងវិស័យកីឡាពិភពលោក (WADA) នោះទេ។ លោកបន្ថែមថា ចាប់តាំងពីបង្កើតសហព័ន្ធកីឡានេះឡើង ចាប់តាំងពីរូបលោកនៅជាកីឡាករ ចូលរួមប្រកួតអន្តរជាតិ កន្លងមក រហូតដល់ដល់លោកក្លាយជាប្រធានសហព័ន្ធ គឺរាល់ការចេញទៅប្រកួតអន្តរជាតិ របស់កីឡាករកន្លងមក ស្ថិតក្រោមឱវាទ របស់សហព័ន្ធទទួលបានការ ទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡាផងដែរ ។ កីឡាករកាយវប្បកម្មកម្ពុជា តែងតែឈ្នះមេដាយពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ជើងឯកអាស៊ី និងជើងឯកពិភពលោក ជាបន្តបន្ទាប់។

យោងលើលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា ករណីសំណើសុំបញ្ជូនប្រតិភូ ចៅក្រមអន្តរជាតិ គ្រូបង្វឹក កីឡាករកាយវប្បកម្ម ទៅចូលរួមការប្រកួត ជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ីអាគ្នេយ៍លើកទី២០ នៅទីក្រុង Yango ប្រទេសមីយ៉ាន់ម៉ា នេះ គឺក្រសួងអប់រំ យុវជន និងកីឡាបានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សហព័ន្ធ ក៏ដូចជាកីឡាករ កីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ទាំងអស់ ដែលបានបញ្ចេញអស់ពីសមត្ថភាព ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការហ្វឹកហាត់ និងចូលរួមការប្រកួតលក្ខណៈអន្តរជាតិនានា ដើម្បីដណ្តើមមេដាយជូនជាតិ ។

លិខិតដដែលបន្ថែមថា ករណីសំណើសុំបញ្ជូនប្រតិភូ ចៅក្រមអន្តរជាតិ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ទៅចូលរួមការប្រកួត ជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ីអាគ្នេយ៍លើកទី២០ នៅទីក្រុងYango ប្រទេសមីយ៉ាន់ម៉ា ក្រសួងសូមជម្រាបថា បច្ចុប្បន្ន កម្ពុជាជារដ្ឋហត្ថលេខី នៃអនុសញ្ញាអន្តរជាតិប្រឆាំងនឹងការប្រើប្រាស់សារធាតុដូប៉ា ក្នុងវិស័យកីឡា និងប្រតិបត្តិតាមក្រមប្រឆាំងសារធាតុដូប៉ាពិភពលោក រីឯសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា មិនទាន់ ស្ថិតក្រោមរចនាសម្ព័ន្ធដែលអនុលោមតាមក្រមប្រឆាំងសារធាតុដូប៉ាពិភពលោក នៅឡើយទេ ដោយស្ថិតក្រោម រចនាសម្ព័ន្ធ របស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណពិភពលោក (WBPSF)ដែលមិនមែនជាសមាជិក និងប្រតិបត្តិតាមក្រមប្រឆាំង សារធាតុដូប៉ាពិភពលោក ។ ក្នុងន័យនេះ ក្រសួងស្នើឱ្យសហព័ន្ធខិតខំបំពេញ តាមលក្ខខណ្ឌក្រមប្រឆាំង សារធាតុដូប៉ាពិភពលោក និងស្ថិតក្រោមរចនាសម្ព័ន្ធ ដែលអនុលោមតាមក្រមប្រឆាំងសារធាតុដូប៉ាពិភពលោក៕

Most Popular

To Top