ភ្នំពេញ ៖ លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតប្រដាល់ឃីកបុកស៊ីង “កំពូលអ្នកចម្បាំងកម្ពុជា” ដែលជាការចូលរួមឧបត្ថម្ភដោយភេសជ្ជៈ កីឡាកម្ពុជា CAMBODIA SPORT+ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នេះលោកប្តេជ្ញានឹងរៀបចំការប្រកួតឲ្យល្អប្រសើរ និងយុត្តធម៌បំផុតក្នុងការកាត់ក្តី និងពង្រឹងសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមរបស់ខ្លួន ដើម្បីការប្រកួតនេះទទួលបានការគាំទ្រ និងមានប្រជាប្រិយខ្លាំងបំផុត ។

លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា បានលើកឡើងក្នុងឱកាស សន្និសីទសារព័ត៌មាន ស្តីពីការបើកទំព័រថ្មី នៃព្រឹត្តិការណ៍ប្រកួតប្រដាល់ឃីកបុកស៊ីង “កំពូលអ្នកចម្បាំងកម្ពុជា” ក្រោមសហការជាមួយស្ថានីយទូរទស្សន៍ TV 5 ឧបត្ថម្ភដោយភេសជ្ជៈ កីឡាកម្ពុជា CAMBODIA SPORT+ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសChip Mong 271 Mega Mall ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អគ្គនាយកបន្តវេន អ៊ុង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងលោក Nasser Nassiri ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងអាស៊ី។
លោកប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា បានបន្តថា អាជ្ញាកណ្តាល និងចៅក្រមរបស់កីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាសុទ្ធតែទទួលបានការបណ្តុះបណ្តាលសមត្ថភាពបច្ចេកទេសក្នុងការដាក់ពិន្ទុពីសំណាក់លោក Nasser Nassiri ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងអាស៊ី ដូច្នេះលោកជឿជាក់ថា អាជ្ញាកណ្តាល និងចៅក្រមនឹងដាក់ពិន្ទុសុក្រិតត្រឹមត្រូវ មិនលម្អៀងឡើយ ។ ការប្រកួតនេះនឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងអ្នកគាំទ្រប្រដាល់ឃីកបុកស៊ីងជាក់ជាមិនខាន់។

លោក ហេង សុខឃន បានបញ្ជាក់ថា វិស័យកីឡាក្នុងប្រទេសកម្ពុជាជាច្រើន ជាពិសេសកីឡាប្រដាល់ឃីកបុកស៊ីង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែចូលរួមសហការជាមួយសហព័ន្ធកីឡាជាតិ ព្រមទាំងស្ថានីយ៍ទូរទស្សន៍ ក៏ដូចជាស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បី ជំរុញភាពរីកចម្រើននៃកីឡាប្រដាល់បើកបុកស៊ីងកម្ពុជាតាមរយៈការឧបត្ថម្ភលើព្រឹត្តិការណ៍ប្រកួត ទាំងថ្នាក់ជាតិ-និងអន្តរជាតិ។ ជាពិសេស សង្វៀន ប្រដាល់ឃីកបុកស៊ីងរបស់ភេសជ្ជៈកីឡាកម្ពុជា CAMBODIA SPORT+ ក៏នឹងក្លាយជាវេទិកាមួយ ដែលជួយពង្រឹងសមត្ថភាព កីឡាករ-កីឡាការិនីយើង ត្រៀមខ្លួនដណ្តើមជ័យលាភីលើឆាកអន្តរជាតិ។

ដើម្បីចូលរួមពង្រឹងបន្ថែមលើវិស័យនេះ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទឹកប្រាក់ក្នុងចំនួនមួយដ៏ច្រើន ដល់សហព័ន្ធផ្ទាល់ ដើម្បីរកគ្រូបង្វឹកល្បីៗ មកបង្ហាត់ បង្រៀនកីឡាករ-កីឡាការិនីឲ្យកាន់តែខ្លាំងក្លាជាងមុន។ ជាលទ្ធផល សហព័ន្ធក៏ជ្រើសរើសបានគ្រូបង្វឹក ៤ រូប សុទ្ធតែជាអ្នកជំនាញមកពីក្រៅប្រទេស ត្រៀមបង្ហាញយុទ្ធសាស្ត្រហ្វឹកហាត់ថ្មី ដល់ក្លិបឃឹកបុកស៊ីងទូទាំងប្រទេស៕






