កីឡា

ក្មេងស្រីអាយុ ១៥ ឆ្នាំ ស្លាប់នៅពេលរត់ពាក់កណ្តាល ម៉ារ៉ាតុងហូឡង់ ដែលបង្កអោយមានការជជែកវែកញែក អំពីដែនកំណត់អាយុ

ហូឡង់ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្មេងស្រីអាយុ ១៥ ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីដួល នៅជិតបន្ទាត់បញ្ចប់ នៃការរត់ម៉ារ៉ាតុង Leiden ប្រទេសហូឡង់ ដែលបង្កឲ្យមានការជជែកវែកញែកអំពីការរឹតបន្តឹងអាយុ និងការផ្ទៀងផ្ទាត់ក្នុងការប្រណាំងចម្ងាយឆ្ងាយស្ម័គ្រចិត្ត ។

ក្មេងជំទង់រូបនេះបានដួលនៅម៉ោងប្រហែលថ្ងៃត្រង់ ថ្ងៃទី ១០ ខែឧសភា ជិត ២ ម៉ោងចូលរួមក្នុងការប្រណាំងចម្ងាយ ២១.១ គីឡូម៉ែត្រ និងប្រហែល ៤ គីឡូម៉ែត្រពីបន្ទាត់បញ្ចប់ ជាកន្លែងដែលមានក្រុមតន្រ្តីមួយកំពុង សម្តែងដើម្បីលើកទឹកចិត្តអ្នករត់។

បុគ្គលិកពេទ្យបាន ផ្តល់ជំនួយសង្គ្រោះបឋមជាបន្ទាន់ក្នុងតង់ឯកជន និងបានបញ្ជូនរថយន្តសង្គ្រោះបន្ទាន់តាមអាកាស ទោះជាយ៉ាងណាក៏ដោយ ក្មេងស្រីរូបនេះមិនបានរស់រានមានជីវិតទេ។

នេះបើយោងតាមការចុះផ្សាយ របស់ទស្សនាវដ្តី Canadian Running Magazine បាននិយាយថា មូលហេតុផ្លូវការនៃភាពអាសន្ន ផ្នែកវេជ្ជសាស្ត្រមិនទាន់ត្រូវបាន ចេញផ្សាយនៅឡើយទេ។ ស្ថានភាពអាកាសធាតុនៅថ្ងៃប្រណាំងគឺអំណោយផល ដោយមានសីតុណ្ហភាពប្រហែល ១៥ អង្សាសេ និងខ្យល់បក់ស្រាល។

បទប្បញ្ញត្តិម៉ារ៉ាតុង Leiden តម្រូវឲ្យអ្នកចូលរួមរត់ពាក់កណ្តាល ម៉ារ៉ាតុង មានអាយុយ៉ាងតិច ១៦ ឆ្នាំ ដែលស្របតាមការណែនាំ របស់សហព័ន្ធ អត្តពលកម្មហូឡង់ថា អ្នករត់អាយុ ១៥ ឆ្នាំមិនគួរប្រកួតប្រជែង នៅចម្ងាយលើសពី ១០ គីឡូម៉ែត្រឡើយ៕

Most Popular

To Top