វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបានលុបចោលផែនការដាក់ពង្រាយកងទ័ពជាង ៤០០០ នាក់ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកជាបណ្តោះអាសន្នទៅកាន់ប្រទេសប៉ូឡូញ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើនបានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិក។
លោក Christopher LaNeve ប្រធានបុគ្គលិកស្តីទីនៃកងទ័ពសហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងសវនាការសភាកាលពីថ្ងៃសុក្រថា ប្រធានបញ្ជាការអឺរ៉ុបសហរដ្ឋអាមេរិក “បានទទួលការណែនាំអំពីការកាត់បន្ថយកម្លាំង”។
លោក LaNeve បានលើកឡើងដោយសំដៅទៅលើក្រុមប្រយុទ្ធកងពលតូចពាសដែកទី ២ “ខ្ញុំបានធ្វើការជាមួយលោក ក្នុងការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធអំពីអ្វី ដែលអង្គភាពកម្លាំងនោះនឹងមាន ហើយវា សមហេតុផលបំផុត សម្រាប់កងពលតូចនោះក្នុងការមិនដាក់ពង្រាយនៅក្នុងសមរភូមិ”។
ឧត្តមសេនីយ៍រូបនេះបានលើកឡើងថា ធាតុផ្សំមួយចំនួននៃអង្គភាពនេះត្រូវបានបញ្ជូនទៅក្រៅប្រទេសរួចហើយ ហើយឧបករណ៍របស់ខ្លួនកំពុងដឹកជញ្ជូន។ យោងតាមឧត្តមសេនីយ៍រូបនេះបន្ដថា បញ្ជាឱ្យលុបចោលការដាក់ពង្រាយនេះបានមកពីការិយាល័យរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth បច្ចុប្បន្ននេះមិនទាន់មានការប្រកាសជាផ្លូវការណាមួយត្រូវបានធ្វើឡើងនៅឡើយទេ។
លោកស្រី Jeanne Shaheen សមាជិកសភាប្រជាធិបតេយ្យ ដែលជាសមាជិកនៃគណៈកម្មាធិការព្រឹទ្ធសភា ស្តីពីសេវាកម្មប្រដាប់អាវុធ បានឲ្យដឹងថា សភាមិនត្រូវបានជូនដំណឹងនៅឡើយទេ។ លោកស្រីបានប្រាប់អ្នកយកព័ត៌មានថា “តាមដែលខ្ញុំដឹង យើងមិនត្រូវបានជូនដំណឹងអំពីរឿងនេះទេ”។ មន្ទីរបញ្ចកោណបានប្រកាសកាលពីពីរសប្តាហ៍មុនថា កងទ័ពអាមេរិកប្រហែល ៥០០០ នាក់នឹងត្រូវដកចេញពីប្រទេសអាល្លឺម៉ង់ក្នុងរយៈពេល ៦ទៅ ១២ខែខាងមុខ៕
ប្រែសម្រួល ឈូកបូរ៉ា
