កីឡា

លោក ប៉ុន សុខ ចូលរួមពិធីបើកសិក្ខាសាលា ស្តីពីការយល់ដឹង ពីការកែសម្រួលវិធាន ប្រឆាំងដូប៉ាកម្ពុជា ក្នុងវិស័យកីឡា

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានអញ្ជើញជាអធិ​បតីភាព ក្នុងពិធីបើកវគ្គសិក្ខាសាលា ស្តីពីការយល់ដឹងពីការកែសម្រួលវិធាន ប្រឆាំងដូប៉ាកម្ពុជា ស្របតាមក្រមប្រឆាំងដូប៉ាពិភពលោកឆ្នាំ២០២៧ ជាមួយភាគីពាក់ព័ន្ទសំខាន់ៗក្នុងវិស័យកីឡា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ។
 

ក្នុងឱកាសនេះពិធីបើកជាផ្លូវការក៏មានអញ្ជើញចូលរួមពីលោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត និងលោក ផាត បញ្ញាសុជាតក៌ អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា តំណាងលោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងសិក្ខាកាមចូលរួម សរុបចំនួន៧៦នាក់ ក្នុងនោះស្រីចំនួន២៦នាក់ ។
 


លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាបានមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា បានរួមចំណែកយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងសារធាតុ និងវិធីសាស្ត្រហាមឃាត់ក្នុងវិស័យកីឡា តាមរយៈទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាដើម្បីធានាសុវត្ថិភាព និងភាពស្អាតស្អំរបស់អត្តពលិក និងលើកកម្ពស់កីឡាស្អាតស្នំ ការប្រកួត ប្រកបដោយយុត្តិធម៌ តម្លាភាព និងគ្មានការប្រើប្រាស់សារ ធាតុហាមឃាត់ក្នុងវិស័យកីឡានៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
 
លោកអគ្គនាយកបន្តទៀតថា ក្រសួងអប់រំ យុវជន និងកីឡា ប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកទឹកចិត្ត និងបន្តការគាំទ្រ សកម្មភាពប្រឆាំងដូប៉ា របស់ទីភ្នាក់ងារកម្ពុជា ប្រឆាំងដូប៉ា ដែលបានបង្កើត “វិធានប្រឆាំងដូប៉ា” ដោយអនុលោមទៅតាមក្រមប្រឆាំងដូប៉ាពិភពលោក ដើម្បីឱ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ អង្គការសង្គមកីឡា និងភាគីពាក់ព័ន្ធទាំងអស់គោរព និងអនុវត្តតាម ។

លោកបានក្រើនរំលឹកដល់ទីភ្នាក់ងារកម្ពុជា ប្រឆាំងដូប៉ានឹងបន្តពង្រឹងប្រសិទ្ធភាពការងារ ពង្រីកការអប់រំផ្សព្វផ្សាយ និងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយភាគីពាក់ព័ន្ធដូចជា អត្តពលិកជម្រើសជាតិ មន្ត្រីសហព័ន្ធកីឡាជាតិ មន្ត្រីកីឡាថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក គ្រូអប់រំកាយ និងកីឡា សិស្សានុសិស្សកម្រិតវិទ្យាល័យ អនុវិទ្យាល័យ និងសិស្សានុសិស្សកម្រិតបឋមសិក្សា ដើម្បីធានាឱ្យការអនុវត្តការងារ ប្រឆាំងដូប៉ានៅកម្ពុជា កាន់តែមានប្រសិទ្ធភាព ស្របតាមស្តង់ដារអន្តរជាតិ ឆ្លើយតបទៅនឹងការអភិវឌ្ឍវិស័យ កីឡាជាតិប្រកបដោយចីរភាព៕

Most Popular

To Top