កូរ៉េខាងត្បូង ៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា ភាពហួសចិត្តដ៏ធំបំផុត នៅពីក្រោយអត្រាកំណើតទាបរ៉ាំរ៉ៃ របស់ប្រទេសកូរ៉េអាចស្ថិតនៅក្នុងបន្ទប់គេង ខណៈមនុស្សនៅតែរួមភេទ ការប្រើប្រាស់វិធីពន្យារកំណើត ច្រើនតែមានហានិភ័យ មិនស៊ីសង្វាក់គ្នា ឬអវត្តមានទាំងស្រុង។
នេះបើយោងតាមរបាយការណ៍ថ្មីៗមួយពីវិទ្យាស្ថានសុខភាព និងសង្គមកិច្ចកូរ៉េ ទទួលបានដោយ JoongAng Ilbo កាលពីថ្ងៃចន្ទថា ស្ត្រីកូរ៉េជិត ៤ នាក់ក្នុងចំណោម ១០ នាក់ដែលមានអាយុ ២០ និង ៣០ ឆ្នាំមិនបានប្រើប្រាស់វិធីពន្យារកំណើតជាប់លាប់ក្នុងពេលរួមភេទឡើយ ពីព្រោះមនុស្សជាច្រើនជឿថា ការមានផ្ទៃពោះទំនងជាមិនកើតឡើងទេ។
“សុខភាពផ្លូវភេទ និងសុខភាពបន្តពូជរបស់ស្ត្រីកូរ៉េឆ្លងកាត់វដ្តជីវិត” បានស្ទង់មតិស្ត្រីចំនួន ៦,១៧៤ នាក់នាខែសីហា និងខែកញ្ញា ឆ្នាំមុន។ អ្នកស្រាវជ្រាវបានចាត់ថ្នាក់ចំនួនប្រជាជនស្ត្រីជា ៤ ក្រុម៖ ក្មេងជំទង់ដែលមានអាយុចន្លោះពី ១៣ ទៅ ១៨ ឆ្នាំ យុវវ័យដែលមានអាយុពី ១៩ ដល់ ៣៩ ឆ្នាំ ស្ត្រីវ័យកណ្តាលមានអាយុពី ៤០ ដល់ ៦៤ ឆ្នាំ និងស្ត្រីវ័យចំណាស់មានអាយុពី ៦៥ ឆ្នាំឡើងទៅ។
សរុបមក យុវវ័យចំនួន ៥៣.៤ ភាគរយបានឆ្លើយថា ពួកគេបានរួមភេទក្នុងរយៈពេលមួយឆ្នាំកន្លងមក។ ក្នុងចំណោមពួកគេ មានតែ ៦២ ភាគរយប៉ុណ្ណោះ និយាយថា ពួកគេតែងតែប្រើវិធីពន្យារកំណើត។ ២០.៩ ភាគរយទៀតបាននិយាយថា ពួកគេមិនបានប្រើវិធីពន្យារកំណើតទាល់តែសោះ ខណៈ ១៧.១ ភាគរយបាននិយាយថា ពួកគេបានប្រើវាម្តងម្កាល។
ទោះបីជាភាគរយនៃការប្រើប្រាស់វិធីពន្យារកំណើតជាប់លាប់បានប្រសើរឡើងពី ៤៧.៨ ភាគរយក្នុងការស្ទង់មតិមុននាឆ្នាំ ២០២២ ក៏ដោយ អ្នកជំនាញនិយាយថា វានៅតែទាបពេកជារួម៕
