កីឡា

ក្រុមកីឡាការិនីបាល់ទះ រួមចិត្តតែមួយ និងកីឡាករស្នងការដ្ឋាន នគរបាលខេត្ត ឈ្នះមេដាយមាស ដូចគ្នានៃការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកថ្នាក់ខេត្តកណ្តាល

កណ្តាល ៖ ក្រុមកីឡាការិនីបាល់ទះ រួមចិត្តតែមួយ និងកីឡាករបាល់ទះស្នងការដ្ឋាននគរបាលខេត្ត ឈ្នះមេដាយមាសដូចគ្នា លើប្រភេទកីឡាបាល់ទះ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៦ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣-២៩ ខែឧសភា ឆ្នាំ២០២៦ នៅក្រុងតាខ្មៅ រៀបចំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

កីឡាករបាល់ទះស្នងការដ្ឋាននគរបាលខេត្ត ដណ្តើមបានមេដាយមាស ក្រោយឈ្នះលើកីឡាករបាល់ទះ ប.ភ.ក ភេរវកម្ម ក្នុងលទ្ធផល ៣សិតទល់ ០ នៅវគ្គផ្តាច់ព្រ័ត្រ ដូច្នេះកីឡាករបាល់ទះ ប.ភ.ក ភេរវកម្ម ទទួលបានមេដាយប្រាក់ ចំណែកមេដាយសំរិទ្ធ បានទៅលើកីឡាករបាល់ទះ វិទ្យាល័យ ហ៊ុនសែន តាខ្មៅ។

ចំណែកកីឡាការិនីបាល់ទះ រួមចិត្តតែមួយដណ្តើមបានមេដាយមាស ក្រោយឈ្នះលើកីឡាការិនីបាល់ទះ សាន់នី Sport ក្នុងលទ្ធផល ៣សិតទល់ ០ នៅវគ្គផ្តាច់ព្រ័ត្រ ដូច្នេះកីឡាការិនីបាល់ទះ សាន់នី Sportទទួលបានមេដាយប្រាក់ ចំណែកមេដាយសំរិទ្ធ បានទៅលើកីឡាករបាល់ទះ វិទ្យាល័យ ហ៊ុនសែន តាខ្មៅ។
ដោយ៖លី ភីលីព

Most Popular

To Top