បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុន Meta និង ក្រុមហ៊ុនមេរបស់ Snapchat, YouTube និង TikTok បានយល់ព្រម បង់ប្រាក់រាប់លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងចោទ ប្រកាន់ប្រព័ន្ធផ្សព្វផ្សាយ សង្គមថាបានរួមចំណែកដល់បញ្ហាសុខភាព ផ្លូវចិត្តក្នុងចំណោមសិស្សនិសិ្សតជាច្រើន ។
បណ្តឹងដែលធ្វើឡើងដោយសាលានៅរដ្ឋ Kentucky គឺជាករណីស្រដៀងគ្នាមួយក្នុង ចំណោមករណីស្រដៀងគ្នា ជាច្រើនដែលកំពុងរង់ចាំ នៅក្នុងតុលាការសហរដ្ឋអាមេរិក ហើយត្រូវបានគេមើលឃើញ យ៉ាងទូលំទូលាយថា ជាបណ្តឹងសំដៅទៅលើ ក្រុមហ៊ុនបណ្តាញសង្គមធំៗ ជាច្រើនរបស់អាមេរិក។
ប្រភពដដែលបានរាយការណ៍កាលពីថ្ងៃសុក្រដោយដកស្រង់ឯកសារទូទាត់ថា Meta Platforms ដែលជាក្រុមហ៊ុនមេរបស់ Instagram, Facebook និង WhatsApp នឹងបង់ប្រាក់ចំនួន៩ លានដុល្លារ ជាផ្នែកនៃកិច្ចព្រមព្រៀង។
មេធាវីការពារក្រុមហ៊ុន Snap Inc និង ByteDance ពីមុនបានយល់ព្រមបង់ប្រាក់ចំនួន៨លានដុល្លារដូចគ្នាខណៈដែល Alphabet យល់ព្រមបង់ប្រាក់ជាង២លានដុល្លារនេះបើយោងតាមរបាយការណ៍ដដែលនេះ។
ពាក្យបណ្តឹងនេះត្រូវបានប្តឹងដោយសាលា Breathitt County School District ក្នុងរដ្ឋ Kentucky កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយដើមបណ្តឹង ទាមទារសំណងជាង៦០ លានដុល្លារ។ គេបានចោទប្រកាន់ថា ក្រុមហ៊ុនបានរៀបចំដោយចេតនានូវវេទិកា របស់ពួកគេ ដើម្បីបង្កើតទៅជាភាព ញៀនសម្រាប់អ្នកប្រើប្រាស់វ័យក្មេង រួមចំណែកដល់បញ្ហានានា រួមទាំងការថប់បារម្ភ ការធ្លាក់ទឹកចិត្ត និងការធ្វើបាបខ្លួនឯងជាដើម៕
ប្រែសម្រួល៖ស៊ុនលី
