កីឡា

អង្គការផ្កាយសមុទ្រ ភាពជាដៃគូរយៈពេល៧ឆ្នាំ ជាមួយ ក្រុមហ៊ុន AIA ដើម្បីនាំវិស័យកីឡា បាល់ទាត់កុមារ និង យុវជននៅទូទាំង ប្រទេសកម្ពុជា

ភ្នំពេញ ៖ ប៉ុន្មានថ្ងៃមុនព្រឹត្តិការណ៍ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ និងបិទបញ្ចប់រដូវកាលនៃការប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន AIA–ISF Youth League ឆ្នាំ ២០២៦ អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន AIA នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ដោយប្តេជ្ញាបន្តភាពជា ដៃគូរយៈពេល ៧ ឆ្នាំបន្ថែមទៀត ក្នុងការអភិឌ្ឍនវិស័យកីឡាបាល់ទាត់កុមារ និងយុវជន របស់អង្គការផ្កាយសមុទ្រ នៅទូទាំងប្រទេសកម្ពុជា ដោកិច្ចព្រមព្រៀង សម្រាប់រយៈពេល ពីឆ្នាំ២០២៧ ដល់ឆ្នាំ២០៣៣នេះ បានស្តែងឲ្យឃើញ ពីការវិនិយោគ រយៈពេលវែងដ៏សំខាន់បំផុតមួយក្នុង ប្រវត្តិសាស្ត្របាល់ទាត់យុវជននៅកម្ពុជា ។

អង្គការផ្កាយសមុទ្រសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន AIA ចំពោះការជឿទុកចិត្ត ទឹកចិត្តសប្បុរស និងចក្ខុវិស័យ ដែលជាគ្រឹះកសាង កិច្ចសហការ ដ៏រឹងមាំមួយនេះឡើង ចាប់តាំងពីពេលចាប់ផ្តើម ការរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះឡើងមក ការគាំទ្រ របស់ក្រុមហ៊ុន AIA ដើរតួនាទីយ៉ាងសំខាន់ នៅពីក្រោយរាល់ភាព ជោគជ័យនៃព្រឹត្តិការណ៍ប្រកួត និងបានជំរុញឲ្យអង្គការ ផ្កាយសមុទ្រ នាំយកឱកាសលេងបាល់ទាត់ ទៅដល់កុមារ និងយុវជនរាប់ពាន់នាក់ទូទាំងប្រទេស ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth Leagueផ្តល់សារសំខាន់ដល់កុមារ និងយុវជនកម្ពុជាច្រើនលើសពីការលេងបាល់ទាត់ ។ វាផ្តល់ឲ្យប្អូនៗកីឡាករកីឡាការនីនូវ រចនាសម្ព័ន្ធវិជ្ជមានក្នុងជីវិត មានអារម្មណ៍ថាខ្លួនឯងជាផ្នែកមួយ នៃសហគមន៍ មានទំនុកចិត្តលើខ្លួនឯង និងឱកាសក្នុងអភិវឌ្ឍន៍ខ្លួនក្លាយ ជាពលរដ្ឋសហគមន៍ដែលមានសុខភាពល្អ និងមានទម្លាប់រស់នៅ សកម្ម ។
ជារៀងរាល់ឆ្នាំ កុមារ និងយុវជនរាប់ពាន់នាក់បានចូលរួមក្នុងកម្មវិធីប្រកួតវិលជុំនេះនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តនានា ហើយប្អូនៗទទួលបានការបណ្តុះបណ្តាល ការលើកទឹកចិត្ត និងការប្រកួត ប្រជែងក្នុងបរិយាកាសសុវត្ថិភាព និងវិជ្ជមាន ។ សម្រាប់កីឡាករកីឡាការនីភាគច្រើន កម្មវិធីប្រកួត វិលជុំនេះគឺជាឱកាសដំបូងបំផុត សម្រាប់ពួកគេក្នុងការចូលរួម ប្រកួតក្នុងកម្មវិធីប្រកួតកីឡាដែលមានការរៀបចំ ។

ព្រឹត្តិការណ៍ប្រកួតវិលជុំនេះ ក៏ជាវេទិកាដ៏សំខាន់មួយ លើកកម្ពស់សុខភាព និងការអប់រំ ដែលស្របតាម គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (UN Sustainable Development Goals) ។តាមរយៈបាល់ទាត់ យុវជនបានអភិវឌ្ឍជំនាញជីវិត បង្កើតទម្លាប់រស់នៅប្រកប ដោយសុខភាពល្អ និងស្វែងយល់ពីអត្ថន័យនៃភាពជាអ្នកដឹកនាំ ។ ការចូលរួមរបស់កុមារីគឺជាស្នូលនៃ កម្មវិធីប្រកួតបាល់ទាត់នេះ ដោយមានក្រុមកីឡាការនីចូលរួមប្រកួតគ្រប់ប្រភេទអាយុ និងការគាំទ្រគ្រូ បង្វឹកជាស្ត្រីឲ្យអភិវឌ្ឍន៍សមត្ថភាពខ្លួន និងក្លាយជាអ្នកដឹកនាំ ។

ត្រឹមឆ្នាំ ២០៣៣ គោលដៅរបស់ពួកយើងគឺនាំយកព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ទៅគ្រប់ខេត្តក្រុង ទាំងអស់ក្នុងប្រទេសកម្ពុជា។ នេះគឺជាការប្តេជ្ញាដ៏ធំរបស់ពួកយើង ហើយតាមរយៈកិច្ច សហការជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងអាយុវជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា គោលដៅនេះគឺពិតជាអាចសម្រេចបាន ។
នេះហើយគឺជាអ្វីដែលការប្តេជ្ញាចិត្តរយៈពេល ៧ ឆ្នាំនឹងឆ្ពោះទៅរក ដោយមិនមែនគ្រាន់តែជាកម្មវិធី ប្រកួតបាល់ទាត់វិលជុំប៉ុណ្ណោះទេ ប៉ុន្តែជាកេរ្តិ៍ដំណែលមួយសម្រាប់យុវជនជំនាន់ក្រោយ៕

Most Popular

To Top