មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានឲ្យដឹងថា លោកមិនឃើញចំណុចណាមួយនៅក្នុងជំនួបផ្ទាល់ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី នោះទេ។ ការលើកឡើងរបស់លោកធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានចេញផ្សាយលិខិតមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយស្នើឱ្យមានជំនួបផ្ទាល់ជាមួយលោក ពូទីន ដោយមានការចូលរួមពីអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីដំណើរការសន្តិភាព។
លោក ពូទីន បាននិយាយ ដោយឆ្លើយសំណួរអំពីថាតើលោកនឹងជួបជាមួយអ្នកនិពន្ធ «លិខិតចំហ» រូបនេះដែរឬទេ។ លោកបានបន្ថែមថា លោកមិនដែលបដិសេធមិនជួបជាមួយលោកហ្សេឡិនស្គី នោះទេ។
លោក ពូទីន បានលើកឡើងថា រុស្ស៊ីមិនត្រូវការកិច្ចព្រមព្រៀងរយៈពេលខ្លីទេ ប៉ុន្តែជាកិច្ចព្រមព្រៀង «សម្រាប់ទស្សនវិស័យប្រវត្តិសាស្ត្រដ៏វែងឆ្ងាយ» និងដំណោះស្រាយ ដែលមានមុនពេលកិច្ចប្រជុំបែបនេះអាចកើតឡើង។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េស្កូវ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា លោកហ្សេឡិនស្គី អាចមកទីក្រុងមូស្គូនៅពេលណាក៏បាន ប្រសិនបើលោក ចង់ចរចាជាមួយលោក ពូទីន៕
ប្រែសម្រួល ឈូក បូរ៉ា
