ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីលីបង់ រិះគន់អ៊ីរ៉ង់ និងមេដឹកនាំក្រុមហេសបូឡា ជុំវិញជំហរសង្គ្រាម និងបទឈប់បាញ់

បេរូត៖ ប្រធានាធិបតីលីបង់ លោក Joseph Aoun បានរិះគន់អ៊ីរ៉ង់ចំពោះការប្រើប្រាស់លីបង់ ជាបន្ទះចរចាក្នុងការចរចាជាមួយសហរដ្ឋអាមេរិក និងបានរិះគន់អគ្គលេខាធិការក្រុមហេសបូឡា លោក Naim Qassem ដោយថា ប្រជាជនលីបង់ ធុញទ្រាន់នឹងសង្គ្រាម ហើយសមនឹងរស់នៅក្នុងសន្តិភាព។

លោក Joseph Aoun បានធ្វើការកត់សម្គាល់នេះនៅក្នុងបទសម្ភាសន៍ជាមួយពិធីករអន្តរជាតិ CNN គឺលោកស្រី Christiane Amanpour ដែលត្រូវបានចេញផ្សាយ ដោយប្រធានាធិបតីលីបង់ នៅថ្ងៃសុក្រ។ នៅក្នុងនោះដែរនៅថ្ងៃព្រហស្បតិ៍ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លក្ខខណ្ឌចម្បងរបស់អ៊ីរ៉ង់ សម្រាប់ការទទួលយកបទឈប់បាញ់ថ្ងៃទី ៨ ខែមេសា ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺជាបទឈប់បាញ់ដ៏ទូលំទូលាយ លើគ្រប់វិស័យ រួមទាំងលីបង់ផងដែរ។

លោក Joseph Aoun បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថា “នេះមិនមែនជាប្រទេសរបស់អ្នកទេ វាជាប្រទេសរបស់យើង” ដោយកត់សម្គាល់ថា វាមិនអាចទទួលយកបានទេ សម្រាប់មហាអំណាចក្នុងតំបន់ក្នុងការប្រើប្រាស់លីបង់ ដើម្បីជំរុញផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ខណៈពេលដែលជនស៊ីវិលលីបង់ នៅតែបន្តទទួលរងផលវិបាកនៃជម្លោះតាមរយៈការស្លាប់ ការផ្លាស់ទីលំនៅ និងការបំផ្លិចបំផ្លាញ។

ប្រធានាធិបតីលីបង់រូបនេះ បានសង្កត់ធ្ងន់ថា ការចរចានៅតែជាមធ្យោបាយតែមួយគត់ ដែលអាចសម្រេចបានដើម្បីបញ្ចប់ជម្លោះរវាងលីបង់ និងអ៊ីស្រាអែល។ លោកបានកត់សម្គាល់ថា រដ្ឋ និងរដ្ឋាភិបាលលីបង់ ត្រូវតែដោះស្រាយបញ្ហាក្រុមហេសបូឡាក្នុងស្រុក ដោយដោះស្រាយមូលហេតុចម្បងនៅពីក្រោយវត្តមានប្រដាប់អាវុធរបស់ក្រុមនេះ រួមទាំងការដកទ័ពរបស់អ៊ីស្រាអែល ចេញពីទឹកដីលីបង់ និងការបញ្ចប់ជម្លោះ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top