កូរ៉េខាងត្បូ៖យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា អតីតសមាជិកក្រុមតារាចម្រៀង នារីកូរ៉េខាងត្បូងល្បីល្បាញ Girls’ Generation គឺនាង Jessica បានក្លាយជាតារាល្បីពេញ បណ្ដាញសង្គមភ្លាមៗ ដោយសារតែប្រតិកម្មមិនច្បាស់លាស់របស់នាងចំពោះស្ថានភាពកិ្លបស្អុយ នៅមុនអ្នកគាំទ្រ ។
ថ្មីៗនេះ នាង Jessica ត្រូវបានគេប្រទះឃើញ មកដល់ប្រទេសចិនពីប្រទេសកូរ៉េ ហើយនាងត្រូវបានស្វាគមន៍ ដោយហ្វូងអ្នកគាំទ្រ នៅអាកាសយានដ្ឋាន អន្តរជាតិសៀងហៃ Hongqiao ខណៈនាង Jessica កំពុងដើរទៅរក រថយន្តរបស់នាងជាមួយបុគ្គលិក និងសន្តិសុខ នាងបានស្វាគមន៍ អ្នកគាំទ្រយ៉ាងផ្អែមល្ហែម រហូតដល់នាងត្រូវ បានគេមើលឃើញថា កំពុងសម្លឹងមើលអ្វីមួយ ហើយបិទច្រមុះរបស់នាង។ ភ្លាមៗនោះ នាងបានបញ្ចេញប្រតិកម្ម ពេញរាងកាយ ស្ទើរតែខ្ពើមរអើម ចំពោះក្លិននោះ។ រហូតដល់នាងទៅដល់រថយន្តនាង Jessica បានប៉ះរន្ធច្រមុះ របស់នាងជានិច្ច បង្ហាញថាក្លិននោះនៅសេសសល់។
វីដេអូឃ្លីបនៃពេលវេលាដែលមិននឹកស្មានដល់នេះ បានរីករាលដាលនៅលើបណ្តាញសង្គម ដែលធ្វើឲ្យអ្នកគាំទ្រសង្ស័យថា អ្វីដែលអាចធ្វើឲ្យនាង Jessica មានប្រតិកម្មបែបនោះ ។ ខណៈពេលដែលអ្នកខ្លះជឿជាក់ថា វាជាក្លិនខ្លួនរបស់នរណា ម្នាក់នៅជុំវិញនាង អ្នកផ្សេងទៀតក៏កំពុងពិចារណាពីលទ្ធភាព ដែលប្រភពអាចជា អ្វីមួយមិនមែនជាមនុស្ស។
ពេលវេលាដ៏ល្បីនេះក៏បានធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធើណេត ងាកមកមើលប្រតិកម្មស្រដៀងគ្នា នេះរបស់តារាចម្រៀងនាង YoonA សមាជិកក្រុម Girls’ Generation នៅអាកាសយានដ្ឋាន ដដែលកាលពីឆ្នាំមុន ដែលបានប្រែក្លាយហេតុការណ៍ ទាំងមូលទៅជារូបភាពកំប្លែងមួយ៕
