បរទេស៖ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូងនឹងពិចារណា សំណើសុំជំនួយរបស់ទីភ្នាក់ងារអន្តរជាតិ នៅក្នុងកិច្ចខិតខំប្រឹងប្រែងជួបកូរ៉េខាងជើង ជាមួយវិធានការទប់ស្កាត់កូរ៉ូណាវីរុស ប្រសិនបើមានការស្នើសុំជាផ្លូវការ ពីក្រុមអង្គការផ្តល់ជំនួយមនុស្សធម៌។
លោក Yoh Sang-key ជាមន្ត្រីនាំពាក្យក្រសួង បង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយប្រាប់សន្និសីទកាសែតមួយ ដើម្បីជាការឆ្លើយតបទៅនឹងសំនួរមួយ ដែលសួរថា តើរដ្ឋាភិបាលមានឆន្ទៈ ជួយផ្តល់ជំនួយប្រឆាំងវីរុស ដល់ប្រទេសកូរ៉េខាងជើង តាមរយៈទីភ្នាក់ងារអន្តរជាតិដែរឬទេនោះ។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានអះអាងដដែលៗថា គ្មានការឆ្លងវីរុស នៅលើទឹកដីនៃប្រទេសរបស់ខ្លួននោះទេ ប៉ុន្តែតាមសេចក្តីរាយការណ៍ បានស្នើសុំជំនួយពីខាងក្រៅ ក្នុងកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់នៅទូទាំងប្រទេស ប្រឆាំងនឹងវីរុសថ្មីដែលឆ្លងយ៉ាងសាហាវ ៕
ប្រែសម្រួល៖ ប៉ាង កុង