ភ្នំពេញ ៖ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក បួនហ៊ីង សុធីយ៉ា តំណាងលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជាបានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន NEXTGEN Hotel ដឹកនាំដោយ លោកស្រី ប៉ោ សិរីរតនា ស្ថាបនិក និង ជាប្រធានហិរញ្ញវត្ថុនៃ NEXTGEN Hotel ដើម្បីជំរុញការងាររដ្ឋបាល ក្នុងការកក់កន្លែងស្នាក់នៅ តាមបែបបច្ចេកវិទ្យាឌីជីថល។

លោក បួនហ៊ីង សុធីយ៉ា បានប្រាប់ឲ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ មានគោលបំណង ធ្វើទំនើបកម្មរដ្ឋបាលឌីជីថល ដើម្បីសម្រួល ដល់ការរៀបចំការស្នាក់នៅ និងជួយសន្សំសំចៃថវិកា លើការចំណាយថ្លៃសណ្ឋាគារ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាថ្មី ដែលអាចជួយកាត់បន្ថយ ពេលវេលាការងាររដ្ឋបាល ព្រមទាំងបង្កើនភាពងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ក្នុងការកក់សំបុត្រយន្តហោះ សណ្ឋាគារ សម្រាប់ការទៅចូលរួមសិក្ខាសាលា វគ្គអាជ្ញាកណ្តាល គ្រូបង្វឹក ការចូលរួមប្រកួតអន្តរជាតិ និងការរៀបចំការប្រកួតអន្តរជាតិនានា ដែលសហពន្ឋ័ទទួលធ្វើជាម្ចាស់ផ្ទះផងដែរ ។

លោក បួនហ៊ីង សុធីយ៉ា បានបន្ថែមថា ជាមួយគ្នានេះ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺបង្ហាញពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងវិស័យកីឡា និងក្រុមហ៊ុនធុរៈកិច្ចផ្នែកសេវាកម្ម កក់សំបុត្រយន្តហោះ និង សណ្ឋាគារតាមរយៈប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ជាការរួមចំណែកអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើ “បញ្ចកោណទី៥” ដែលផ្តោតលើការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល តាមរយៈការធ្វើបរិវត្តកម្មឌីជីថល ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពថែមទៀត៕

