ភ្នំពេញ៖លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងប្រធានសហព័ន្ធកីឡាតេក្វាន់-ដូITFកម្ពុជា បានមានប្រសាសន៍ថា កត្តាធំៗចំនួន ៣ ដែលជំរុញឲ្យរូបលោក និងសមាជិតប្រតិបត្តិសហព័ន្ធកីឡាតេក្វាន់-ដូITF កម្ពុជាសម្រេចចិត្តចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើទី១២ ឆ្នាំ២០២៨ បន្ទាប់ពីប្រទេសម៉ុងហ្គោលីធ្វើម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើទី១១ ឆ្នាំ២០២៦ “11th ITF Asian Taekwon-Do Championships” ។

លោកប្រធានសហព័ន្ធកីឡាតេក្វាន់-ដូITFកម្ពុជា បានបន្តថា កត្តាទី១ គឺសក្តានុពលរបស់ក្រុមកីឡាករ-កីឡាការិនីកីឡាតេក្វាន់-ដូ ITF កម្ពុជាមានការរីកចម្រើនខ្លាំងទំាងបច្ចេទេស និងនិចទិច ដោយរូបលោកបានសំឡឹងមើលឃើញពីសមត្ថភាពក្រុមអត្តពលិកចាប់ពីយុវជនរហូតដល់ពេញវ័យ (ឈុតធំ) ។ កម្ពុជាធ្លាប់ធ្វើម្ចាស់ផ្ទះការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ពេលនោះក្រុមកីឡាករ-កីឡាការិនីកីឡាតេក្វាន់-ដូ ITF កម្ពុជាដណ្តើមបានមេដាយមាស ប្រាក់ និងសំរិទ្ធគួរសម លទ្ធផលទំាងនោះជាសក្តានុពលរបស់កីឡាតេក្វាន់-ដូ ITF កម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា កត្តាទី២ ការធ្វើម្ចាស់ផ្ទះការប្រកួតមានសារសំខាន់ណាស់ ពីព្រោះកីឡា និងទេសចរណ៍ នៅពេលធ្វើម្ចាស់ផ្ទះ យើងបាននាំយកភ្ញៀវទេសចរណ៍ជាច្រើននាក់មកប្រទេសកម្ពុជាដោយសារក្រុមកីឡាករ-កីឡាការិនីរបស់ប្រទេសនីមួយៗនាំយកអ្នកគាំទ្ររួមមានឳពុកម្តាយ និងបងប្អូន ដើម្បីអបអរសាទរក្រុមអត្តពលិករបស់ពួកគេផងដែរ នេះជាសកម្មភាពកីឡា និងទេសចរណ៍ ។ លោក កែវ រ៉េមី បានបន្ថែមទៀតថា កត្តាចុងក្រោយ កម្ពុជាធ្លាប់ធ្វើម្ចាស់ផ្ទះការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ទទួលបានការកោតសរសើរពីបណ្តាប្រទេសរួមមាន។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ក្រោមស្មារតី «ខ្មែរតែមួយ» របស់ក្រុមហ៊ុន វឌ្ឍនៈ មានមោទនភាពយ៉ាងក្រៃលែងដែលបានធ្វើជាអ្នកឧបត្ថម្ភដ៏សំខាន់ និងគាំទ្រដល់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតលើឆាកអន្តរជាតិ។ ក្នុងនាមប្រធានសហព័ន្ធសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន វឌ្ឍនៈ ជាកិត្តិយស និងជាមោទនភាពរបស់ក្រុមហ៊ុនក្នុងការរួមចំណែកលើកទឹកចិត្ត និងគាំទ្រយុវជនកម្ពុជាឲ្យមានទំនុកចិត្តក្នុងការប្រកួត និងជ្រោងទង់ជាតិកម្ពុជាឲ្យបក់រវើកលើឆាកពិភពលោក។

បញ្ជាក់ថា សហព័ន្ធបានបញ្ជូនក្រុមប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុបទំាងអស់ ៤៧ នាក់ក្នុងនោះគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ៣៨ នាក់ ក្នុងនោះកីឡាករ-កីឡាការិនី៣២ នាក់ មានក្រុមយុវជន និងក្រុមឈុតធំ។ ការប្រកួតលើនេះកីឡាករ-កីឡាការិនីកីឡាតេក្វាន់-ដូITFកម្ពុជានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការដណ្តើមមេដាយជូនជាតិ និងម្ចាស់ឧបត្ថម្ភវឌ្ឍនៈ ៕
ដោយ៖លី ភីលីព



