ព័រទុយហ្គាល់ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាបង្ហាញម៉ូដ និងជាតារាបណ្ដាញសង្គម អ្នកនាង Georgina Rodriguez ជាគូដណ្តឹងរបស់វិរបុរសបាល់ទាត់ព័រទុយហ្គាល់ Cristiano Ronaldo បាននិយាយចេញមក បន្ទាប់ពីគណនី Facebook មួយក្រោមឈ្មោះ របស់នាងបានបង្ហោះសារចំអកឲ្យអាហ្សង់ទីន ក្រោយចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2026។
ទំព័រ Facebook មានស្លាកសញ្ញាផ្ទៀងផ្ទាត់ពណ៌ខៀវ ដែលជារឿយៗអាចទិញ ឬកែប្រែបាន បានបង្ហោះសារមួយ សរសេរថា “លាហើយអាហ្សង់ទីន” ជាមួយនឹងរូបសញ្ញាមុខញញឹមពីរ និងរូបសញ្ញាដៃគ្រវីដៃភ្លាមៗ បន្ទាប់ពីវគ្គផ្តាច់ព្រ័ត្រ World Cup នៅកីឡដ្ឋាន MetLife នៅថ្ងៃទី ១៩ ខែកក្កដា ជាកន្លែងដែលអាហ្សង់ទីនបានចាញ់អេស្ប៉ាញ ០-១។
សារនេះទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដោយទាក់ទាញការរិះគន់ពីអ្នកគាំទ្រ ជឿថា អ្នកនាង Rodriguez ជាជនជាតិអាហ្សង់ទីន កំពុងចំអកឲ្យប្រទេសកំណើតរបស់នាងដែលចាញ់ World Cup 2026។
យ៉ាងណាក៏ដោយអ្នកនាង Rodriguez បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram របស់នាងនៅថ្ងៃបន្ទាប់ពីវគ្គផ្តាច់ព្រ័ត្រ ដើម្បីបំភ្លឺពីរឿងនេះ។ នាងបានសរសេរនៅលើ Instagram Story ថា មានគណនី Facebook មួយដែលក្លែងបន្លំអត្តសញ្ញាណរបស់ខ្ញុំ។ ខ្ញុំបានទាក់ទងជាមួយក្រុម Meta ដើម្បីដោះស្រាយស្ថានភាពនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
នាងក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់នាងចំពោះការប្រុងប្រយ័ត្នរបស់ពួកគេក្នុងការរាយការណ៍ទំព័រនេះ។
ខណៈអ្នកនាង Rodriguez កើតនៅប្រទេសអាហ្សង់ទីន នាងបានចំណាយពេលស្ទើរតែពេញមួយជីវិតរបស់នាងនៅប្រទេសអេស្ប៉ាញ។ នៅថ្ងៃនៃវគ្គផ្តាច់ព្រ័ត្រ នាងបានចែករម្លែករូបថតមួយនៅលើបណ្តាញសង្គម Instagram បង្ហាញពីអេក្រង់ទូរទស្សន៍ដែលកំពុងផ្សាយការប្រកួតជាមួយនឹងរូបសញ្ញាបេះដូង។
យោងតាម Goal Rodriguez មិនប្រើបណ្តាញសង្គម Facebook ឬ X ទេ។ នាងរក្សាវត្តមានដ៏រឹងមាំនៅលើ បណ្តាញសង្គម Instagram និងបណ្តាញសង្គម TikTok ជាកន្លែងដែលនាងតែងតែចែករម្លែកព័ត៌មានថ្មីៗអំពីការងារ និងជីវិតគ្រួសាររបស់នាង៕
