ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំដល់គ្រឹះស្ថានឧត្តមសិក្សា និងសហព័ន្ធកីឡាជាតិ ស្តីពីផែនការមេលើការត្រៀមលក្ខណៈ សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨ “ASEAN University Game 2028 ” ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួត ការប្រជុំប្រព្រឹត្តិទៅនៅសាលប្រជុំ “ក” ជាន់ទី១ នៃអគាររដ្ឋបាលក្រសួង (ចៅពញាហុក)។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំដល់គ្រឹះស្ថានឧត្តមសិក្សា និងសហព័ន្ធកីឡាជាតិក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក ហួត សេងទី្រ ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹកកីឡា និងតំណាងសហព័ន្ធជាតិទំាង១៥ ។

លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ផ្អែកលើការវាយតម្លៃបច្ចេកទេស និងសក្តានុពលអត្តពលិក ក្រសួងអប់រំ យុវជន និងកីឡា បានត្រៀមលក្ខណៈគ្រោងបញ្ចូលប្រភេទកីឡាចំនួន ១៥ ប្រភេទ ដោយបែងចែកជា ២ ចំណាត់ថ្នាក់ដូចជាចំណាត់ថ្នាក់ទី១៖ កីឡាចាំបាច់មានចំនួន៦ ប្រភេទរួមមាន អត្តពលកម្ម កីឡាលើទឹកក្នុងអាង (Swimming, Fin Swimming, Diving, Water Polo…etc.) បាល់ទាត់ បុរស និងនារី បាល់បោះ វិញ្ញាសា 3×3 បាល់ទះបុរស តេក្វាន់ដូ WT។ ចំណាត់ថ្នាក់ទី២៖ កីឡាជម្រើសមានចំនួន៩ ប្រភេទរួមមានគុនល្បុក្កតោ ប៉េតង់ ការ៉ាតេ ចំបាប់ យូដូ ជឺជីតស៊ូ បញ្ចសីលា តេក្វាន់ដូ ITF និងគុនដាវ ។

លោករដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាដ៏មានសារសំខាន់ ប្រចាំតំបន់មួយនេះ គឺជាមហាកិត្តិយសផង និងជាការទទួលខុសត្រូវដ៏ធំធេងផង សម្រាប់វិស័យអប់រំកាយ និងកីឡា ក៏ដូចជាកិត្យានុភាពជាតិទាំងមូល។ ដើម្បីធានាឱ្យការរៀបចំនេះប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងទទួលបានផ្លែផ្កាខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ ក្នុងនាមសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ធ្វើការសហការជាមួយភាគីពាក់ព័ន្ធ ៕






