កីឡា

លោក កែ ប៊ុនខៀង ៖ ការរៀបចំទិវាកីឡាអាស៊ាន ធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ របៀបរស់នៅរបស់ប្រជាជនអាស៊ាន ប្រកបដោយសុខភាពល្អ និងសុខដុមនីយកម្ម

ខេត្តកំពង់ធំ ៖ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ នេះ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីបើកទិវាកីឡាអាស៊ាន “ASEAN SPORTS DAY” ឆ្នាំ២០២៦ ក្រោមប្រធានបទ ” កីឡាបរិយាបន្នដើម្បីសុខដុមរមនាក្នុងសង្គម” នៅតាមដងស្ទឹងសែន ជាទឹកដីដ៏ស្រស់បំព្រងនៃខេត្តកំពង់ធំ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ ។

ក្នុងឱកាសពិធីបើកខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក លោក យានគី ស៊ិវត្ថា គឺជាប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងកីឡា លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋជាង ១០០០នាក់ ។

លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន បានប្រាប់ឲ្យដឹងថា ទិវាកីឡាអាស៊ាន “ASEAN SPORTS DAY” ធ្វើឡើងក្នុងគោលបំណងរំលឹកដល់ថ្ងៃបង្កើតសហគម ន៍អាស៊ាន នាថ្ងៃទី៨ សីហា ឆ្នាំ១៩៦៧ និងការលើកកម្ពស់សកម្មភាពកីឡារបស់សហគមន៍អាស៊ាន និងដើម្បីបំផុសផ្សព្វផ្សាយឲ្យប្រជាជននៃបណ្តាប្រទេសជាសមាជិក ចូលរួមលើកកម្ពស់របៀបរស់នៅរបស់ប្រជាជន ប្រកបដោយសុខដុមនីយកម្ម មានសុខភាពល្អ លើកកម្ពស់អត្តសញ្ញាណជាតិ អភិរក្ស និងអភិវឌ្ឍន៍វិស័យកីឡា ប្រពៃណី និងល្បែងប្រជាប្រិយនៅក្នុងតំបន់ និងនៅលើពិភពលោក ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិ។

លោក កែ ប៊ុនខៀង បានមានប្រសាសន៍ថា ការរៀបចំទិវានេះក្នុងគោលបំណងឲ្យប្រជាជនយល់ដឹងអំពីអាស៊ាន លើកកម្ពស់របៀប រស់នៅរបស់ប្រជាជនអាស៊ានប្រកបដោយសុខភាពល្អ និងសុខដុមនីយកម្ម តាមបាវចនា “អាស៊ានចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ” និងដើម្បីពង្រឹង និងលើកកម្ពស់វិស័យកីឡាក្នុងប្រទេស សមាជិកអាស៊ានទាំងមូល។ ដោយឡែកប្រទេសកម្ពុជាយើងបានចូលជាសមាជិករបស់អាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ ក្នុងនាមជាសមាជិក រាជរដ្ឋាភិបាលកម្ពុជាក៏បានចេញលិខិតលេខ៦០៩ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ អនុញ្ញាតជាគោលការណ៍ ជូនក្រសួងអប់រំ យុវជន និងកីឡា រៀបចំទិវាកីឡាអាស៊ាន ASEAN SPORTS DAY ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ២០១៧ រហូតមក។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបន្តថា កីឡាបានដើរតួយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង សង្គមវប្បធម៌ទាំងនៅក្នុងតំបន់ និងលើពិភពលោក។ ការរៀបចំទិវាកីឡាអាស៊ាន នាពេលនេះ គឺជាការបំផុសឱ្យប្រជាជនកម្ពុជា និងប្រជាជន នៅក្នុងសហគមន៍អាស៊ាន ទាំងមូលចូលរួមអភិរក្ស និងអភិវឌ្ឍល្បែងប្រជាប្រិយ និងកីឡា ប្រពៃណីគ្រប់ប្រភេទ និងចូលរួមលេងកីឡាដើម្បីលើកកម្ពស់សុខភាព រឹតចំណងមិត្តភាព សាមគ្គីភាព ទំនាក់ទំនងល្អ និងលើកកម្ពស់វិស័យកីឡានៅក្នុងតំបន់អាស៊ានទាំងមូល។

បច្ចុប្បន្នពិភពលោកបានទទួលស្គាល់ថា កីឡាជាឧបករណ៍មួយដ៏សំខាន់ ក្នុងការទំនាក់ទំនង មិត្តភាព សាមគ្គីភាព ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិ សាសនា ពណ៌សម្បុរ និងដើម្បីលើកកម្ពស់សុខភាព ប្រសិទ្ធិភាពការងារ និងការរស់នៅ ប្រកបដោយភាពសុខដុមនីយកម្ម។ សហគមន៍អាស៊ាន មានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ជាព្រឹត្តិការណ៍ប្រកួតពហុកីឡាមានការចូលរួម ពីបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ទំាង១១ ។ ព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់នេះត្រូវបានប្រារព្ធឡើងជារៀងរាល់ ២ឆ្នាំម្តង ដោយបណ្តាប្រទេសចូលរួមត្រូវផ្លាស់ប្តូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ។ កីឡា SEA GAME មានដើមកំណើតពីការប្រកួតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍មានប្រទេសជាស្ថាបនិកចំនួន ៦ រួមមាន៖ កម្ពុជា ថៃ ភូមា ម៉ាឡេស៊ី វៀតណាម និងសិង្ហបុរី នាថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៥៨ នៅទីក្រុងតូក្យូ បានបើកកិច្ចប្រជុំ និង ព្រមព្រៀងគ្នាបង្កើត អង្គការកីឡានេះឡើង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ កីឡាក្នុងតំបន់ រឹតចំណង មិត្តភាព និងការយល់ដឹងពីគ្នាទៅវិញទៅមក ។

លោក កែ ប៊ុនខៀង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងដឹកនាំបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ធ្វើឱ្យមានការអភិវឌ្ឍ លើគ្រប់វិស័យ ក្នុងនោះមានវិស័យអប់រំកាយ និងកីឡាផងដែរ។ ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាបានចូលរួមយ៉ាងសកម្ម ដូចជាបានរៀបចំសិក្ខាសាលាអន្តរជាតិ ស្តីពីការអភិរក្សល្បែង កីឡាប្រជាប្រិយ និងកីឡាប្រពៃណី និងការអភិវឌ្ឍតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន នៅរាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា SEA GAME លើកទី៣២ ឆ្នាំ២០២៣ ទទួល បានលទ្ធផលជាទីមោទនៈ មានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ៕

Most Popular

To Top