សិល្បៈ និង កម្សាន្ត

ការបង្ហាញខ្លួន ជាសាធារណៈលើកដំបូង របស់កំពូលតារាចម្រៀងកូរ៉េខាងត្បូងនាង IU ចាប់តាំងពីការបែកបាក់ ជាមួយលោក Lee Jong Suk

កូរ៉េខាងត្បូង៖តារាចម្រៀងកូរ៉េខាងត្បូងនាង IU បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់នាង បន្ទាប់ពីការបែកបាក់ជាមួយតារាសម្តែងលោក Lee Jong Suk និងការពន្យារពេលនៃការវិលត្រឡប់មកវិញ របស់នាង ដោយសារបញ្ហាសុខភាព ព្រមទាំងផលវិបាក នៃជំងឺរ៉ាំរ៉ៃបង្កឲ្យមានការភ្ញាក់ផ្អើល ចំពោះអ្នកគាំទ្រនាង យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo ។

នាថ្ងៃទី ៣១ ខែកក្កដា តារាចម្រៀង និងតារាសម្តែងរូបនេះបានចូលរួមកម្មវិធីប្រគល់ពានរង្វាន់ Blue Dragon Series លើកទី ៥ ដែលបានប្រារព្ធឡើងនៅ Paradise City នៅទីក្រុង Incheon។ ពិធីនេះត្រូវបានធ្វើឡើងដោយតារាចម្រៀងកូរ៉េខាងត្បូងនាង Jun Hyun Moo និងនាង YoonA សមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង Girls’ Generation។

នាងIU បានឡើងលើឆាកជាមួយតារាសម្តែង Ju Ji Hoon ដើម្បីប្រគល់ពានរង្វាន់ “តារាសម្តែងឆ្នើម” ដែលជាការបង្ហាញខ្លួនជាផ្លូវការលើកដំបូងរបស់នាងចាប់តាំងពីមានព័ត៌មានអំពីការបែកបាក់ជាមួយលោក Lee Jong Suk។

តារាជាទីស្រឡាញ់រូបនេះបានបង្ហាញខ្លួនក្នុងរ៉ូបពណ៌ផ្កាឈូក និងរក្សាទឹកមុខស្ងប់ស្ងាត់ទោះបីជាមានការព្រួយបារម្ភអំពីសុខភាពថ្មីៗនេះក៏ដោយ ពេលកំពុងនៅលើឆាក នាងបានទទួលស្គាល់ថានាងមានអារម្មណ៍ភ័យជាងការរំពឹងទុក។

ការបង្ហាញខ្លួនរបស់នាងបានកើតឡើងជាច្រើនសប្តាហ៍បន្ទាប់ពីរបាយការណ៍បានបង្ហាញថា នាង និងលោក Lee Jong Suk បានបញ្ចប់ទំនាក់ទំនងរបស់ពួកគេបន្ទាប់ពីបានណាត់ជួបជាសាធារណៈអស់រយៈពេល ៤ ឆ្នាំ។ នាងក៏បានពន្យារពេលការវិលត្រឡប់មកវិញ និងការប្រគំតន្ត្រីនៅខែកញ្ញារបស់នាង បន្ទាប់ពីជួបប្រទះរោគសញ្ញាកាន់តែអាក្រក់ទៅៗទាក់ទងនឹងមុខងារបំពង់ Eustachian ។

IU មិនទាន់បានប្រកាសពីកាលបរិច្ឆេទថ្មីសម្រាប់សកម្មភាពវិលត្រឡប់មកវិញ ឬកាលវិភាគប្រគំតន្ត្រីរបស់នាងនៅឡើយទេ៕

Most Popular

To Top