ភ្នំពេញ៖ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សប្បុរសធម៌ ដើម្បីកុមារកម្ពុជា រដូវកាលទី៤ ឆ្នាំ២០២៦ បានបញ្ចាប់វគ្គសន្សំពិន្ទុវិលជុំ ដោយប្រើប្រាស់រយៈពេល ៧សប្តាហ៍ ខណៈគណៈកម្មការបានរកឃើញ៤ ក្រុមលើកំពូលតារាងឡើងទៅប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាចុងសប្តាហ៍នេះ ។

ចំពោះលទ្ធផល ២ ប្រកួតចុងក្រោយនៃវគ្គសន្សំពិន្ទុ រួមមាន៖ ក្រុម K8 Football Team បានចាញ់ក្រុម 9NG Soccer Team ដោយលទ្ធផល ០-២ ខណៈក្រុម Sybelle FC បានយកឈ្នះ ក្រុម Vlogger All Star ដោយលទ្ធផល ៨-៤។ ក្រុមជើងខ្លាំង ៤ ក្រុមប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមបាល់ទាត់មហាហង្សអលស្តារ FC ប៉ះនឹងក្រុមបាល់ទាត់មិត្តភាពមន្ទីរពេទ្យព្រះអង្គឌួង ហើយក្រុម 9NG Soccer Team ជួបក្រុម Sybelle FC ។

ឧកញ៉ា ឡោក ដារិទ្ធ ប្រធានក្លឹបបាល់ទាត់ Sybelle FC បានមានប្រសាសន៍ថា លោកពិតជារីករាយជាខ្លាំង ដែលកីឡាករក្រុមទាំងអស់បានលេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងក្តីសប្បាយរីករាយ ជាពិសេសតាមរយៈការចូលរួមប្រកួតលើទីលានបៃតងនេះ បានរួមចំណែកដល់កិច្ចការសង្គម និងសប្បុរសធម៌ ដោយព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ ដើម្បីកុមារកម្ពុជា ជាការកៀរគរថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ជា និងមន្ទីរពេទ្យកុមារអង្គរ។

ឧកញ៉ា ឡោក ដារិទ្ធ បានបន្តថា ក្រុម Sybelle FC តែងតែចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌នានា ជាពិសេសពានរង្វាន់សប្បុរសធម៌ ដើម្បីកុមារកម្ពុជា រដូវកាលទី៤ ឆ្នាំ២០២៦នេះ ដោយមាន៨ក្រុមចូលរួមប្រជែងជើងឯក ដើម្បីស្វែងរកថវិកាជួយដល់កុមារកម្ពុជា ដែលពួកគាត់កំពុងត្រូវការជំនួយឧបត្ថម្ភគាំទ្រពីយើងទាំងអស់គ្នា ជាពិសេសគឺកុមារកំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ជា និងមន្ទីរពេទ្យកុមារកម្ពុជា។ យើងជាជនរួមជាតិជួយគ្នាម្នាក់បន្តិចៗ ដើម្បីពួកគាត់ ហើយខ្ញុំ និងកីឡាករក្នុងក្រុមទាំងអស់ក៏ជួយបរិច្ចាគដែរ ទោះតិចក្តី ច្រើនក្តី»។ ជាមួយគ្នានេះ ប្រធានក្លឹប Sybelle FC រូបនេះក៏បានអំពាវនាវដល់មហាជន យុវជនចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ដើម្បីលើកកម្ពស់វិស័យកីឡាកម្ពុជាឱ្យកាន់តែផុលផុលផង ព្រមទាំងជួយដល់កិច្ចការសប្បុរសធម៌ផង។

លោក ឆាយ សុភក្រ្ក័ សមាជិកក្រុមបាល់ទាត់វ័យចាស់ K8 លោក ស៊ុន សំប្រាថ្នា គ្រូបង្វឹកក្លឹប 9NG និងតំណាងក្រុម Vlogger All Star សុទ្ធតែលើកបង្ហាញពីក្តីសប្បាយរីករាយជាខ្លាំងដូចៗគ្នា ក្នុងការចូលរួមប្រកួតបាល់ទាត់នេះ ដើម្បីកៀរគរថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ជា និងមន្ទីពេទ្យកុមារកម្ពុជា។ តំណាងក្រុមនានាក៏បានថ្លែងអំណរគុណដល់លោក ហួត គីមងួន ដែលគេស្គាល់ច្បាស់ក្នុងវិស័យកីឡាបាល់ទាត់សប្បុរធម៌ គឺ DoRi Cambodia ស្ថាបនិក និងគណ:កម្មការរៀបចំការប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ពានរង្វាន់ដើម្បីកុមារកម្ពុជា ដែលរៀបចំពានរង្វាន់នេះឡើង៤រដូវកាលមកហើយនេះ។

បើតាម លោក ហួត គីមងួន បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះមាន៨ក្រុមចូលរួម ដោយក្នុង១ក្រុមនីមួយៗ ត្រូវបរិច្ចាគយ៉ាងតិច ២លានរៀល ឬ៥០០$ ទៅឱ្យមន្ទីរពេទ្យទាំង២នេះ ដោយផ្ទាល់។ ស្ថាបនិករូបនេះលើកឡើងថា ដោយសារតែគោលបំណងចម្បងនៃព្រឹត្តិការណ៍បាល់ទាត់នេះគឺដើម្បីសប្បុរធម៌ ទើបការរៀបចំនេះទទួលបានការគាំទ្រពីបណ្តាក្លឹប មហាជន សប្បុរជននានាយ៉ាងច្រើនកុះករ ដែលជំរុញឱ្យលោកមានកម្លាំងចិត្តខ្លាំងក្លា ក្នុងការបន្តរួមឆន្ទៈគ្នាបំពេញបេសកកម្មសប្បុរសធម៌បន្ថែមទៀតផងដែរ៕


