ចិន៖យោងតាមការ ចេញផ្សាយពីគេហទំព័រ China Daily បានប្រាប់ឲ្យដឹងថា អ្នកបុរាណវិទូចិន បានកំណត់អត្តសញ្ញាណក្រឡដាក់ភេសជ្ជៈ មានជាតិអាល់កុលផលិតពីគ្រាប់ធញ្ញជាតិ អាយុ ២,៣០០ ឆ្នាំពីសម័យកាលរដ្ឋសង្គ្រាម (៤៧៥-២២១ មុនគ.ស) នៅតំបន់ស្វយ័តនីងសៀហួយ ភាគពាយ័ព្យប្រទេសចិន ដែលផ្តល់នូវការយល់ដឹងថ្មីៗអំពីបច្ចេកវិទ្យាផលិតស្រាបៀរចិនបុរាណ។
នេះបើយោងតាមនាយកដ្ឋានវប្បធម៌ និងទេសចរណ៍ក្នុងតំបន់ថា ការរកឃើញនេះត្រូវបានធ្វើឡើង នៅទីបញ្ចុះសពសានជាប៊ូ នៃរដ្ឋឈីននៃសម័យកាលនោះក្នុងទីក្រុងហ្គូយាន ជាកន្លែងដែលអ្នកស្រាវជ្រាវបានរកឃើញសារធាតុរាវត្រូវបានរក្សាទុកក្នុងឆ្នាំងរាងក្បាលខ្ទឹមសំរិទ្ធ ជាក្រឡដ៏ពិសេសមួយនៃវប្បធម៌ឈីន ។

តាមរយៈការរួមបញ្ចូលគ្នានៃការស្រាវជ្រាវខាងបុរាណវិទ្យា និងការវិភាគវិទ្យាសាស្ត្រកម្រិតខ្ពស់ អ្នកស្រាវជ្រាវបានបញ្ជាក់ថា សារធាតុរាវចំនួន ៣,៧៤០ មីលីលីត្រ ដែលស្រង់ចេញពីក្រឡនោះ គឺជាភេសជ្ជៈមានជាតិអាល់កុលផលិតគ្រាប់ធញ្ញជាតិ ដែលផលិតក្នុងសម័យកាលរដ្ឋសង្រ្គាម។
គំរូនេះត្រូវបានគេជឿថា ជាវត្ថុបុរាណ នៃជាតិអាល់កុលរាវត្រូវបានរក្សាទុកយ៉ាងល្អបំផុតរបស់ប្រទេសចិន ចាប់ពីសម័យកាល ដែលបានរាយការណ៍ជាសាធារណៈរហូតមកដល់បច្ចុប្បន្ន ដែលបំពេញចន្លោះប្រហោង ក្នុងការស្រាវជ្រាវខាងបុរាណវិទ្យា លើការផលិតស្រាបៀរបុរាណនៅនីងសៀ។
ទីបញ្ចុះសពនេះមានទីតាំងនៅជិតកំពែងដ៏អស្ចារ្យដែលសាងសង់ដោយរដ្ឋឈីនក្នុងសម័យរដ្ឋសង្គ្រាម ដោយមានផ្នូរចំនួន ១៨៣ ត្រូវបានជីកកកាយគិតត្រឹមឆ្នាំ ២០២៤។
អ្នកបុរាណវិទូបាននិយាយថា ក្រឡសំរិទ្ធបានប្រើប្រាស់រចនាសម្ព័ន្ធផ្សាភ្ជាប់ ២ ជាន់មានក្រណាត់វាយនភណ្ឌ និងស្រោបដោយភក់សរីរាង្គ។ ការផ្សាភ្ជាប់ដ៏ទំនើបនេះបានញែកសារធាតុបំពុលខាងក្រៅចេញ ដែលធ្វើឲ្យស្រាបុរាណអាចរស់រានមានជីវិតជាមួយនឹងការហួតតិចតួចបំផុតបន្ទាប់ពីជាង ២ សហស្សវត្សរ៍៕
