អាមេរិក៖ ៥០ ឆ្នាំ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ត្រូវបានបង្កើតឡើង មានតែបុគ្គលិកម្នាក់ ក្នុងចំណោមបុគ្គលិក ១០ នាក់ដំបូងរបស់ខ្លួនប៉ុណ្ណោះ ដែលនៅតែធ្វើការនៅក្រុមហ៊ុន ខណៈម្នាក់ទៀតនៅតែស្ថិតក្នុងបញ្ជីបើកប្រាក់ខែ របស់ខ្លួន ទោះបីជាបានចាកចេញកាលពី ៤ ទសវត្សរ៍មុនក៏ដោយ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
ក្រុមហ៊ុន Apple ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១ ខែមេសា ឆ្នាំ ១៩៧៦ ដោយលោក Steve Jobs លោក Steve Wozniak និងលោក Ronald Wayne។ លោក Jobs ដែលជាអ្នកបោះបង់ការសិក្សា នៅមហាវិទ្យាល័យ និងលោក Wozniak សុទ្ធតែមានអាយុ ២០ ឆ្នាំដើមៗ នៅពេលពួកគាត់បានចាប់ផ្តើមក្រុមហ៊ុន ក្នុងយានដ្ឋានមួយនៅរដ្ឋកាលីហ្វ័រញ៉ា។
កន្លះសតវត្សរ៍ក្រោយមក ក្រុមហ៊ុន Apple បានវ៉ាដាច់តម្លៃទីផ្សារ ៥ ពាន់ពាន់លានដុល្លារមួយ រយៈពេលខ្លីនៅថ្ងៃទី ២៨ ខែកក្កដា ដោយទទួលបានតំណែងរបស់ខ្លួនជាក្រុមហ៊ុន ដ៏មានតម្លៃបំផុតរបស់ពិភពលោកពីក្រុមហ៊ុន យក្សបន្ទះឈីបអាមេរិក Nvidia។
ខណៈលោក Jobs បានក្លាយជានិមិត្តរូប នៃភាពជោគជ័យរបស់ក្រុមហ៊ុន Apple លោកត្រូវបានគាំទ្រដោយក្រុមវិស្វករ អ្នកសរសេរកម្មវិធី និងបុគ្គលិកដំបូងៗមួយចំនួនតូច ដែលការចូលរួមចំណែករបស់ពួកគេ បានជួយផ្លាស់ប្តូរក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម ទៅជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានឥទ្ធិពលបំផុតមួយ របស់ពិភពលោក៕
