ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ខ្សែបម្រើស្លាប ជនជាតិថៃអាយុ ២៤ ឆ្នាំម្នាក់ ដែលលេងឲ្យក្រុមបាល់ទាត់ Yala FC នៅ Thai League 3 បានទទួលមរណភាព បន្ទាប់ពីត្រូវរន្ទះបាញ់ ក្នុងអំឡុងពេលប្រកួតពាន រង្វាន់តំបន់កាលពីថ្ងៃអង្គារ។
ហេតុការណ៍ដ៏សាហាវនេះបានកើតឡើងនៅកីឡដ្ឋាន Santiphap ស្រុក Su-ngai Kolok ខេត្ត Narathiwat ប្រទេសថៃ ។ រន្ទះបាញ់ភ្លាមៗបានបាញ់ចំទីលានក្នុងអំឡុងពេលប្រកួតពានរង្វាន់ Golok FA Cup បណ្តាលឲ្យកីឡាករជាច្រើនដួលសន្លប់ភ្លាមៗ។
នេះបើយោងតាមការចុះផ្សាយរបស់ Thai PBS World ថា មនុស្សជាង ៩ នាក់បានរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Sungai Kolok នៅក្បែរនោះ ដើម្បីព្យាបាលកីឡាករ Safwan Awae បានរងរបួសធ្ងន់ធ្ងរបំផុត បើទោះបីជាមានការខិតខំប្រឹងប្រែងពីគ្រូពេទ្យក៏ដោយ កីឡាករវ័យក្មេងរូបនេះមិនបានរស់រានមានជីវិតឡើយ ។
គេហទំព័រផ្លូវការរបស់ក្លឹបបាល់ទាត់ Yala FC បានបង្ហោះសារដ៏ស្មោះស្ម័គ្រមួយនៅពេលក្រោយនៃថ្ងៃនោះ ដោយសម្តែងការចូលរួមរម្លែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសាររបស់លោក Awae។
ក្រោយមក សមាគមបាល់ទាត់ថៃ (FAT) បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការទាក់ទងនឹងសោកនាដកម្មនេះ។ សេចក្តីថ្លែងការណ៍នោះបានសរសេរថា សហព័ន្ធសូមចូលរួមរម្លែកទុក្ខជាមួយក្រុមគ្រួសារ មិត្តភក្តិ និងក្លឹបក្នុងអំឡុងពេលដ៏លំបាកនេះ”។
កីឡាករ Awae ទើបតែចុះកិច្ចសន្យា ជាមួយក្លឹបបាល់ទាត់ Yala FC នៅថ្ងៃទី ២៩ ខែកក្កដា ។ ខ្សែបម្រើស្លាបដ៏មានទេពកោសល្យរូបនេះ ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ជាកីឡាករសំខាន់ម្នាក់ ដោយពីមុនបានស៊ុតបញ្ចូលទីបានប្រាំពីរគ្រាប់ក្នុងការប្រកួតចំនួន ១៨ លើក ដើម្បីជួយក្លឹបចាស់របស់គាត់គឺ Pattani FC ទទួលបានការឡើងទៅកាន់ Thai League 2 សម្រាប់រដូវកាល ២០២៥-២០២៦៕
