កណ្តាល ៖ លោក ផាន់ វណ្ណរ័ត្ន អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានមានប្រសាសន៍ថា លោករំភើបស្ទើរស្រក់ទឹកភ្នែក នៅពេលដែលកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF កម្ពុជាឈ្នះមេដាយមាស ហើយយើងពិតជាមានមោទកភាពជាតិក្នុងពិធីបំពាក់មេដាយ ក្នុងអំឡុងពេលអន្តរជាតិបានបង្ហូតទង់ជាតិកម្ពុជា ដែលធ្វើឲ្យពិភពលោកស្គាល់ប្រទេសកម្ពុជា និងសមត្ថភាពអត្តពលិកតេក្វាន់ដូ ITF កម្ពុជាកាន់តែច្បាស់ឡើង។

នេះជាការលើកឡើងលោក ផាន់ វណ្ណរ័ត្ន ក្នុងបទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសធ្វើដំណើរមក ដល់មាតុប្រទេស នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោក ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ដោយមានប្រតិភូ គ្រូបង្វឹក អត្តពលិក សរុប ៤៧រូប ដោយអត្តពលិក តេក្វាន់ដូ ITF កម្ពុជាដណ្តើមបានមេដាយ ៤១ គ្រឿងក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ “11th ITF Asian Taekwon-Do Championships” នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។

លោក ផាន់ វណ្ណរ័ត្ន បានបញ្ជាក់ថា អ្វីដែលរន្ធត់ គឺខ្ញុំនៅជាប់នឹងកីឡាករ អ៊ីចឹង នៅពេលពួកគាត់ប្រកួត យើងហាក់បីដូចជាពិបាកជាងគាត់ដែលប្រកួតទៅទៀត ឈឺជាងពួកគាត់ទៅទៀត។ យើងនៅខាងក្រៅឆាកមែន យើងចង់ឲ្យគាត់ឈ្នះ យើងក្តុកក្តួលណាស់ មិនមែនត្រឹមតែកូននោះទេ គឺកីឡាករដែលយើងស្គាល់គ្នា៤-១០ឆ្នាំមកនេះ គឺប្រៀបបានដូចបងប្អូនដូច្នេះដែរ។ ចំណុចមួយទៀត នៅពេលគាត់ដណ្តើមបានមេដាយម្តងៗ គឺយើងរំភើបស្ទើរស្រក់ទឹកភ្នែក ដោយសារតែមោទកភាពជាតិ ពេលដែលគេបង្ហូតទង់ជាតិយើង ពេលយើងឈ្នះមេដាយមាស។

លោកអនុប្រធានលើកឡើងថា ទោះបីជាមិនមែនជាមេដាយមាស គឺមេដាយប្រាក់ ឬមេដាយសំរឹទ្ធិក្តី ក៏ជាមោទកភាពមួយដែរ ដែលកម្ពុជាយើងធ្វើបាន នៅក្នុងការប្រកួតជាមួយកីឡាករជាជនជាតិរុស្ស៊ី កាហ្សាក់ស្ថាន.មានមាឌធំជាង កម្ពស់ខ្ពស់ជាង ក៏យើងមិនខ្លាចដែរ ដោយយើងបានល្អមែនទែន។ អត្តពលិកតេក្វាន់ដូ ITF កម្ពុជាខ្លាំង ជាក់ស្តែងដូច ជាវិញ្ញាសា Power Breaking ជាក្រុម (៥-៦នាក់) ជាដើម ក្រុមកីឡាករកម្ពុជាអាចឈ្នះ មេដាយមាសបានក្នុងចំណោមអ្នកខ្លាំង ក្នុង ITF នេះតែម្តង ហើយបណ្តាប្រទេសចូលរួមទាំងអស់ ទទួលស្គាល់ពីសមត្ថភាពរបស់អត្តពលិកកម្ពុជា។

លោក ផាន់ វណ្ណរ័ត្ន បានចូលរួមជួយក្នុងសហព័ន្ធរយៈពេល១០ឆ្នាំមកហើយៗតែងតែគាំទ្រកីឡាករ កីឡាការិនីចេញទៅប្រកួតនៅក្រៅប្រទេសជាច្រើនលើក ដូចជានៅប៊ុលហ្គារី ឥណ្ឌា និងនៅប្រទេសម៉ុងហ្គោលី លើកនេះទៀត ដោយទទួល បានលទ្ធផលជោគជ័យ។ ជោគជ័យមួយទៀត គឺកម្ពុជាទទួលបានសិទ្ធិទទួល រៀបចំធ្វើម្ចាស់ផ្ទះបន្តវេន ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១២ នាឆ្នាំ២០២៨ខាងមុខ បន្ទាប់ពីម្ចាស់ផ្ទះ ម៉ុងហ្គោលី លើកទី១១ នៅឆ្នាំ២០២៦នេះ។ ឆ្លងកាត់ការដកពិសោធន៍ពីការរៀបចំធ្វើម្ចាស់ផ្ទះ ជើងឯកអាស៊ីអាគ្នេយ៍ កន្លងទៅមកធ្វើម្ចាស់ផ្ទះ ជើងឯកអាស៊ី ឆ្នាំ២០២៨ទៀត យើងសង្ឃឹមថា ការធ្វើម្ចាស់ផ្ទះនេះនឹងជួយ លើកមុខមាត់ប្រទេសជាតិយើង រួមទាំងជួយដល់វិស័យទេសចរណ៍ឱ្យគេបានដឹងពីប្រទេសយើងដែរ។

ជាមួយគ្នានេះ លោកអនុប្រធាន ដែលមានកូនស្រី គឺកីឡារិនី សញ្ញា រ័ត្នម៉ានេតា បានចូលរួមប្រកួតក្នុងជើងឯកអាស៊ី នៅប្រទេសម៉ុងហ្គោលី ២០២៦នេះ ដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿងលើវិញ្ញាសាប្រយុទ្ធ ១១-១៣ ឆ្នាំក្នុងប្រភេទទម្ងន់ ៣៥គីឡូក្រាម។ នៅពេលប្រកួត យើងដាក់គេ គេដាក់យើង ដោយយើងជាឪពុកក៏ក្តុកក្តួលដែរ ប៉ុន្តែយើងចង់ឱ្យគាត់រឹងមាំ សុខភាពល្អ និងអាចការពារខ្លួនឯងបាន។ កូនស្រីខ្ញុំ ទន់ភ្លន់ តែមិនទន់ជ្រាយ គាត់រៀនពូកែ ហើយមានទេពកោសល្យច្រើនផ្នែក រួមទាំងការចូលរួមហ្វឹកកីឡាតេក្វាន់ដូ ITF នេះធ្វើឱ្យសុខភាព ស្មារតីគាត់កាន់តែល្អជាងមុន និងក្លាហានជាងមុនផងដែរ៕

