ទីក្រុងហ្សឺណែវ៖យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ប្រធានសហព័ន្ធបាល់ទាត់អារ៉ាប់ចំនួន ៦ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងទំនុកចិត្តលើលោក Gianni Infantino កាលពីថ្ងៃព្រហស្បតិ៍ ខណៈប្រធាន FIFA ដែលកំពុងជួបបញ្ហាកំពុងតស៊ូដើម្បីរក្សាការងាររបស់លោក បន្ទាប់ពីផែនការវិនិយោគឯកជន World Cup របស់លោកបរាជ័យ។
ការគាំទ្រនេះបានមកពីប្រទេសម៉ារ៉ុក កាតា អេហ្ស៊ីប ម៉ូរីតានី លីបង់ និងស៊ូដង់ ដែលជាសហម្ចាស់ផ្ទះព្រឹត្តិការណ៍ការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក ឆ្នាំ ២០៣០ “World Cup ២០៣០” ដោយមានប្រទេសចុះហត្ថលេខាចំនួនបួនជាសមាជិកក្រុមប្រឹក្សា FIFA។
សេចក្តីថ្លែងការណ៍នេះបានសរសេរថា យើង ដែលជាថ្នាក់ដឹកនាំនៃសមាគមបាល់ទាត់រៀងៗខ្លួនរបស់យើង សូមសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះលោក Gianni Infantino ប្រធាន FIFA ហើយបញ្ជាក់ជាថ្មីនូវទំនុកចិត្តរបស់យើចំពោះភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់គាត់ចំពោះការអភិវឌ្ឍបាល់ទាត់ទូទាំងពិភពលោក។ យើងសូមកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់លោក Infantino ដើម្បីជំរុញបាល់ទាត់ទូទាំងពិភពលោក ពង្រីកឱកាសនៅទូទាំងគ្រប់តំបន់ និងពង្រឹងតួនាទីរបស់កីឡាក្នុងការនាំមនុស្ស និងសហគមន៍មកជួបជុំគ្នា”។
សេចក្តីថ្លែងការណ៍នេះបានបន្តថា ប្រទេសចុះហត្ថលេខាទន្ទឹងរង់ចាំបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលោកឆ្ពោះទៅរកអនាគតដ៏រឹងមាំ និងវិបុលភាពសម្រាប់បាល់ទាត់ពិភពលោក ដោយពង្រីកឱកាស និងបង្កើនការចូលរួមចំណែកបន្ថែមទៀតរបស់បាល់ទាត់អារ៉ាប់ចំពោះការប្រកួតសកល។
លោក Infantino កំពុងប្រឈមមុខនឹងការបះបោរបន្ទាប់ពីផែនការរបស់លោកក្នុងការលក់ភាគហ៊ុននៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកទៅឲ្យវិនិយោគិនភាគហ៊ុនឯកជន។ លោកបានដកសំណើចំនួន ២០ ពាន់លានដុល្លារ បន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងពីមន្ត្រីបាល់ទាត់ពិភពលោក រួមទាំងស្ថាប័នអឺរ៉ុប UEFA បានព្រមានអំពីការធ្វើពហិការការប្រកួត និងព្រឹត្តិការណ៍ FIFA ទាំងអស់។
UEFA បានសហការជាមួយ CONCACAF សហព័ន្ធសម្រាប់អាមេរិកខាងជើង កណ្តាល និងការ៉ាប៊ីន និង AFC – សហព័ន្ធនៅអាស៊ី ហើយបានចេញលិខិតចំហមួយកាលពីថ្ងៃចន្ទដោយនិយាយថាផែនការរបស់លោក Infantino គឺជា “ការរំលោភបំពានជាមូលដ្ឋាននៃការជឿទុកចិត្ត” ហើយបានពិពណ៌នាវាថាជា “ការបោកប្រាស់”។
ដោយបង្ហាញការគាំទ្រចំពោះលោក Infantino ប្រទេសកាតា និងលីបង់បានគាំទ្រសហព័ន្ធបាល់ទាត់អាស៊ី។ គណនី Instagram ផ្លូវការរបស់លោក Infantino ពីមុនបានបង្ហោះលិខិតគាំទ្រពីសហព័ន្ធសមាជិកជាច្រើន រួមទាំងប្រទេសម៉ារ៉ុក កាតា និងអារ៉ាប់រួម៕
