អាហ្សង់ទីន៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករអាហ្សង់ទីនជាច្រើននាក់ រួមទាំងខ្សែបម្រើ Leandro Paredes ត្រូវបានហាមឃាត់ និងពិន័យជាប្រាក់ ចំពោះការចូលរួមក្នុងការប៉ះទង្គិចគ្នា ក្នុងអំឡុងពេលវគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” ទល់នឹងអេស្ប៉ាញកាលពីខែកក្កដា។
នេះបើយោងតាម FIFA កាលពីថ្ងៃសុក្រថា កីឡាករខ្សែបម្រើ Paredes ត្រូវបានហាមឃាត់មិនឲ្យចូលរួមការប្រកួតអន្តរជាតិចំនួន ១០ ប្រកួត ក៏ត្រូវបានពិន័យជាប្រាក់ចំនួន ៩០,០០ ដុល្លារផងដែរ។ ខ្សែបម្រើ Leandro Paredes និងកីឡាករអាហ្សង់ទីនជាច្រើននាក់ បានទទួលការហាមឃាត់ និងពិន័យជាប្រាក់ ចំពោះការចូលរួមក្នុងការប៉ះទង្គិចគ្នាជាមួយកីឡាករអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រ World Cup ។ អេស្ប៉ាញបានឈ្នះការប្រកួត ១-0 នៅកីឡដ្ឋាន MetLife ក្នុងរដ្ឋ New Jersey កាលពីថ្ងៃទី ១៩ ខែកក្កដា។
អាហ្សង់ទីនក៏ត្រូវបានបញ្ជា ឲ្យលេងការប្រកួតក្នុងផ្ទះ ២ លើក បន្ទាប់របស់ពួកគេដោយបិទទ្វារ ទោះបីជាការប្រកួតមួយ នៃការដាក់ទណ្ឌកម្មនោះ ត្រូវបានផ្អាកក៏ដោយ។ កីឡាករ Paredes របស់ Boca Juniors នឹងត្រូវហាមឃាត់មិនឲ្យលេងការប្រកួតអន្តរជាតិចំនួន ១០ប្រកួត និងត្រូវបានពិន័យជាប្រាក់ចំនួន ៩០,000 ដុល្លារ ។
ការប៉ះទង្គិចគ្នាមួយរយៈពេលខ្លីបានផ្ទុះឡើងនៅពេលសំឡេងកញ្ចែចុងក្រោយ នៅពេលកីឡាករ Paredes ចាប់បំពង់ក Eric Garcia ហើយបានបោក Gavi របស់អេស្ប៉ាញទៅលើដី ខណៈកីឡាករបម្រុងរបស់ក្រុមជើងឯកអឺរ៉ុបបានប្រញាប់ប្រញាល់ចូលទៅក្នុងទីលានដើម្បីអបអរ។
មិត្តរួមក្រុមអាហ្សង់ទីនរបស់ Paredes គឺ Nahuel Molina បានទទួលការហាមឃាត់មិនឱ្យលេងប្រាំពីរប្រកួត ហើយក៏ត្រូវបង់ប្រាក់ពិន័យចំនួន ៩០,០០០ ដុល្លារ ខណៈកីឡាករ Thiago Almada ត្រូវបានព្យួរសម្រាប់ការប្រកួតមួយលើក និងពិន័យជាប្រាក់ចំនួន ៣០,០០០ ដុល្លារ។
សមាគមបាល់ទាត់អាហ្សង់ទីន (AFA) ត្រូវបានពិន័យជាប្រាក់ចំនួន ៣២១,០០០ ដុល្លារ ចំពោះការរំលោភលើក្រមវិន័យរបស់ FIFA ទាក់ទងនឹងការប្រើប្រាស់ព្រឹត្តិការណ៍កីឡា សម្រាប់ការបង្ហាញលក្ខណៈមិនមែនកីឡា ការប្រព្រឹត្តខុសរបស់ក្រុម និងការស្រែកហ៊ោ និងកាយវិការរើសអើងដោយអ្នកគាំទ្ររបស់ខ្លួន៕
