កីឡា

លោក ប៉ុន សុខ ៖ សិក្ខាសាលានេះ មានសារសំខាន់ ចំពោះគ្រឹះស្ថានសិក្សា និងសហគមន៍មួយចំនួន ដែលប្រឈមនឹងការលំបាក និងផលប៉ះពាល់ ពីស្ថានភាពជម្លោះ ប្រដាប់អាវុធ និងសង្គ្រាមនៅតំបន់ព្រំដែន

ខេត្តព្រះវិហារ ៖ នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៦ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅ សិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា” ដែលរៀបចំដោយនាយកដ្ឋាន អប់រំកាយ និងកីឡាសិស្ស និស្សិត ក្រោមការសហការប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ ។

ក្នុងឱកាសពិធីនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត លោក ភុន តុលា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ ព្រមទាំង លោកគ្រូឧទ្ទេស និង សិក្ខាកាមចំនួន៤០នាក់ មកពីបណ្តាសាលាចំនួន១១ទូទំាងខេត្ត ព្រះវិហារ នៅសាប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ ។

លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិតបានប្រាប់ឲ្យដឹងថា វគ្គសិក្ខាសាលានេះមានរយៈពេល៤ថ្ងៃ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ មានសិក្ខាកាមចូលរួមសរុបចំនួន៤០នាក់ ក្នុងនោះស្ត្រីចំនួន២៣នាក់ មកពីបណ្តាសាលាចំនួន១១ រួមមានសាលាបឋមសិក្សាអូដាអានសេះ សាលាបឋមសិក្សាទួលឈើក្រម សាលាបឋមសិក្សាតេជោបុស្បូវ សាលាបឋមសិក្សាតេជោមរកត គ្រូអប់រំកាយវិទ្យាល័យគូលែនគ្រូអប់រំកាយ អនុវិទ្យាល័យត្បែង២ សាលាបឋមសិក្សាថ្នល់បែក សាលាបឋមសិក្សាស្ទឹងសែនមនោរម្យ សាលាបឋមសិក្សាសង្គមថ្មី ការិយាល័យអប់រំ យុវជន និងកីឡាស្រុកត្បែងមានជ័យ និងមន្ទីរអប់រំ យុវជន និងកីឡា។

លោកប្រធានបន្តទៀតថា វគ្គសិក្ខាសាលានេះ មានគោលបំណងសំខាន់ៗជាច្រើនដូចជាផ្សព្វផ្សាយខ្លឹមសារ ទស្សនវិជ្ជា គោលការណ៍ និងរចនាសម្ព័ន្ធនៃសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ គ្រូបង្រៀន និងអ្នកពាក់ព័ន្ធ ក្នុងការប្រើប្រាស់សៀវភៅសិក្សាគោលឲ្យបានត្រឹមត្រូវ ណែនាំការរៀបចំផែនការបង្រៀន ការអនុវត្តមេរៀន និងការវាស់វែង-វាយតម្លៃតាមសមត្ថភាពសិស្ស និងលើកកម្ពស់គុណភាពអប់រំកាយ និងកីឡា ដោយផ្តោតលើការអភិវឌ្ឍសិស្សទាំងផ្នែកចំណេះដឹង ជំនាញ កាយសម្បទា សុខភាព និងអាកប្បកិរិយា។ ជំរុញការអនុវត្តអប់រំកាយ ប្រកបដោយបរិយាបន្ន ដើម្បីឱ្យសិស្សគ្រប់រូបអាចចូលរួមបាន បង្កើតវេទិកាផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមបទអនុវត្តរវាង គ្រូបង្រៀន និងអ្នកពាក់ព័ន្ធ និងបង្កើតឧបករណ៍សម្រាប់ការតាមដាន វាយតម្លៃ និងកែលម្អការអនុវត្តកម្មវិធីសិក្សាជាបន្តបន្ទាប់ ។

លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាបានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះ មានអត្ថន័យពិសេស ព្រោះជាតំបន់ដែលគ្រឹះស្ថានសិក្សា និងសហគមន៍មួយចំនួនបានប្រឈមនឹងការលំបាក និងផលប៉ះពាល់ពីស្ថានភាពជម្លោះប្រដាប់អាវុធ និងសង្គ្រាមនៅតំបន់ព្រំដែន។ ស្ថានភាពបែបនេះ សិទ្ធិរបស់កុមារក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព សុវត្ថិភាព និងបរិយាបន្ន ត្រូវតែបន្តទទួលបានការយកចិត្តទុកដាក់។ ជាពិសេសមុខវិជ្ជាអប់រំកាយ និងកីឡាអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសុខភាព និងសុខុមាលភាពរបស់សិស្ស។ សកម្មភាពរាងកាយដែលសមស្រប និងមានសុវត្ថិភាព អាចជួយឱ្យសិស្សរក្សាសុខភាព កាយសម្បទា ស្មារតីសហការ និងភាពធន់ក្នុងការប្រឈមនឹងស្ថានភាពលំបាក៕
ដោយ៖លី ភីលីព

Most Popular

To Top