ខេត្តព្រះវិហារ ៖ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោក បណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាជាតំណាង លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងណែនាំការ ប្រើប្រាស់សៀវភៅ សិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា” តាមស្តង់ដាសាលារៀនគំរូ ដែលរៀបចំដោយនាយកដ្ឋាន អប់រំកាយនិងកីឡាសិស្ស និស្សិត សហការជាមួយមន្ទីរអប់រំកាយ និងកីឡាខេត្តព្រះវិហារ ។

ក្នុងពិធីបើកវគ្គសិក្ខាសាលាដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត លោក ចាប រតនា អនុប្រធាននាយកដ្ឋានរៀបចំព្រឹត្តការណ៍និងស្ថិតិកីឡា និងលោក ខៀវ ចិន្តាវ័ន្ត ប្រធានការិយាល័យអប់រំកាយ និងកីឡាខេត្តព្រះវិហារ ព្រមទាំងលោកគ្រូឧទ្ទេស និងសិក្ខាកាម នៅសាលប្រជុំវិទ្យាល័យតេជោហ៊ុនសែនជាំក្សាន្ត ខេត្តព្រះវិហារ ។

លោក បណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍ថា សិក្ខាសាលានេះជាសកម្មភាព ដ៏មានសារសំខាន់មួយ ក្នុងការគាំទ្រការអនុវត្តកម្មវិធីសិក្សាអប់រំកាយ និងកីឡាឲ្យមានប្រសិទ្ធភាព ឯកភាពគ្នា ឆ្លើយតបនិងតម្រូវការអភិវឌ្ឍសមត្ថភាព សិស្សនៅតាមគ្រឹះស្ថានសិក្សា ។ ការអប់រំកាយនិងកីឡា មិនមែនជាសកម្មភាពសម្រាប់តែការលេង ឬការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយដ៏សំខាន់ នៃការអប់រំមនុស្សទាំងមូល ។
ដូច្នេះការពង្រឹងការអនុវត្តអប់រំកាយនិងកីឡា គឺជាការវិនិយោគលើធនធានមនុស្ស និងអនាគតរបស់ប្រទេសជាតិ ។
សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយនិងកីឡាជាឯកសារគោលសម្រាប់ជួយគ្រូបង្រៀនរៀបចំ និងអនុវត្តការបង្រៀន ឱ្យមានទិសដៅច្បាស់លាស់ ស្របតាមកម្មវិធីសិក្សា និងសមស្របនិងកម្រិតអាយុ និងសមត្ថភាពរបស់សិស្ស ។

ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅនេះ គួរមិនបញ្ចប់ត្រឹមការបណ្តុះបណ្តាល ឬការចែកសៀវភៅនោះទេ ប៉ុន្តែត្រូវឈានទៅដល់ ការប្រើប្រាស់ជាក់ស្តែងនៅក្នុងថ្នាក់រៀន និងទីលានកីឡា។

លោកអគ្គនាយករង បានបន្តថា ក្នុងបរិបទបច្ចុប្បន្ន យើងត្រូវយកចិត្តទុកដាក់ ជាពិសេសចំពោះសាលារៀន និងសិស្សា-នុសិស្ស ដែលបានរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពាន និងអស្ថិរភាពនៅតំបន់ព្រំដែន ។ សម្រាប់សាលាដែលមានការខ្វះខាតទីធ្លា សម្ភារៈកីឡា ឬមានការរំខានដល់ដំណើរការសិក្សា ការអនុវត្តអប់រំកាយមិនគួរត្រូវបានបោះបង់ចោលឡើយ។ យើងត្រូវមានភាពបត់បែន និងច្នៃប្រឌិត ដោយប្រើប្រាស់ទីធ្លាដែលមានសុវត្ថិភាព សម្ភារៈដែលអាចរកបានក្នុងមូលដ្ឋាន និងសកម្មភាពដែលមានហានិភ័យទាប។ ជាពិសេស យើងត្រូវធានាថា សិស្សដែលរស់ក្នុងបរិបទលំបាក អាចទទួលបានឱកាសចូលរួមសកម្មភាពអប់រំកាយ និងកីឡា ដើម្បីជួយលើកកម្ពស់សុខភាព កម្លាំងកាយ ស្មារតី សាមគ្គីភាព និងភាពធន់របស់ពួកគេ ។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លទ្ធផល នៃសិក្ខាសាលានេះ នឹងត្រូវយកទៅអនុវត្តជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សា ហើយនឹងក្លាយជាកម្លាំងចលករ ជំរុញមួយក្នុងការលើកកម្ពស់គុណភាពអប់រំកាយ និងកីឡានៅក្នុងរដ្ឋបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ការអប់រំកាយ និងកីឡាដែលមានគុណភាព មិនត្រឹមតែបង្កើតសិស្សដែលមានសុខភាពល្អ និងកាយសម្បទារឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតសិស្សដែលមានវិន័យ សាមគ្គីភាព ការទទួលខុសត្រូវ ស្មារតីតស៊ូ និងសមត្ថភាពរស់ក្នុងសង្គម ។

លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិតបានប្រាប់ថា វគ្គសិក្ខាសាលានេះមានរយៈពេល ៤ ថ្ងៃ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ មានសិក្ខាកាមចូលរួមសរុបចំនួន៤០នាក់ ក្នុងនោះស្ត្រីចំនួន ២២ នាក់ មកពីបណ្តាគ្រឹះស្ថានសិក្សាចំនួន១១ រួមមានសាលាបឋមសិក្សាជាំក្សាន្ត សាលាបឋមសិក្សាឈើទាលគង សាលាបឋមសិក្សាគោកស្រឡៅ សាលាបឋមសិក្សាសែនតេជៈ សាលាបឋមសិក្សាស្រអែម សាលាបឋមសិក្សាត្រពាំងសង្គែ និងអនុវិទ្យាល័យជាំក្សាន្ត អនុវិទ្យាល័យរំដោះស្រែ វិទ្យាល័យតេជោហ៊ុនសែនជាំក្សាន្ត អនុវិទ្យាល័យត្មោតប៉ើយ យុវជន អនុវិទ្យាល័យអូរជុញ វិទ្យាល័យស្រអែម វិទ្យាល័យខេមរៈតេជោ និងការិយាល័យអប់រំ យុវជន និងកីឡាស្រុកត្បែងមានជ័យ៕


