ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡារត់ប្រណាំងកម្សាន្ត AIA Pink Run 2026 ត្រូវបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ក្រោមប្រធានបទរត់ដើម្បីលើកម្ពស់ការយល់ដឹង និងទប់ស្កាត់ ព្រមទំាងកាត់បន្ថយជំងឺមហារីកសុដន់ (AIA Pink Run) លើសពីការរត់ AIA Pink Run 2026 ក៏ជាព្រឹត្តិការណ៍ស្នូល នៃយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺមហារីកសុដន់ដ៏ធំបំផុត របស់ប្រទេសកម្ពុជា។

នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ សន្និសីទសារព័ត៌មានស្តីពី ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run ដែលនឹងប្រព្រឹត្ត ឡើង នាថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ ២០២៦ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោកស្រីតំណាងអេ អាយ អេ ខេមបូឌា លោក សែម ផល្លា នាយកចាត់ការទូទៅព្រឹត្តិការណ៍ កីឡារត់ប្រណាំងរបស់កម្ពុជា និងអ្នកតំណាងក្រុមហ៊ុនជាដៃគូ ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡារត់ប្រណាំងកម្សាន្ត AIA Pink Run 2026 ធ្វើឡើងក្នុងគោលបំណងចំនួនធំ ៗរួមមាន ការលើកម្ពស់ការយល់ដឹង និងទប់ស្កាត់ ព្រមទំាងកាត់បន្ថយជំងឺមហារីកសុដន់ ដែលជាការងារសង្គមមួយដើម្បីដល់ស្រ្តីគ្រប់រូប និងកផ្តោតទៅឡើសប្បុរសធម៌តាមមន្ទីរពេទ្យ ហើយអ្វីដែលសំខាន់នោះ គឺការបំផុសចលនាកីឡាដើម្បីសុខភាព។

លោក អគ្គលេខាធិការបានបន្តថា ព្រឹត្តិការណ៍ AIA Pink Run 2026 ត្រឡប់មកវិញ និងបានវិវឌ្ឍក្លាយជានិមិត្ត សញ្ញាជាតិដ៏មានឥទ្ធិពល នៃការរួបរួម ដើម្បីអបអរសាទរភាពរឹងមាំ និងភាពអត់ធ្មត់ របស់អ្នកជំងឺ ដែលកំពុងតស៊ូ ប្រឆាំងមហារីកសុដន់ អ្នកជំងឺដែលបានយកឈ្នះជំងឺដ៏កាចសាហាវនេះ និងដល់ក្រុមគ្រួសាររបស់ពួកគេ។
លោកសូមអំពាវនាវ ដល់មហាជនទំាងអស់ចូលរួមរត់ប្រណាំងកម្សាន្ត AIA Pink Run 2026 ទំាងអស់គ្នា និងចុះឈ្មោះឲ្យបានមុនការរត់ចាប់ផ្តើម។ មុនព្រឹត្តិការណ៍កីឡារត់ប្រណាំងកម្សាន្ត AIA Pink Run 202៦ គណៈកម្មរៀបចំរត់ប្រណាំងកម្សាន្ត និង AIA Cambodia នឹងរៀបចំការពិនិត្យសុខភាពផ្នែកជំងឺមហារីកសុដន់មុនការប្រកួត ៣ ថ្ងៃ។

លោក សែម ផល្លា នាយកចាត់ការទូទៅព្រឹត្តិការណ៍ កីឡារត់ប្រណាំងរបស់កម្ពុជា បានប្រាប់ឲ្យដឹងថា រត់ប្រណាំងកម្សាន្ត AIA Pink Run 2026 មាន ៣ វិញ្ញាសា រួមមានរត់ចម្ងាយ ១០ គីឡូម៉ែត្រ រត់ចម្ងាយ ៥ គីឡូម៉ែត្រ និងរត់ចម្ងាយ ២.៥ គីឡូម៉ែត្រ ហើយមានអ្នកចុះឈ្មោះបានប្រហែលជាង ២០០០ នាក់ក្នុងនោះរត់ចម្ងាយ ១០ គីឡូម៉ែត្រមានចំនួន ១២៤២ នាក់ រត់ចម្ងាយ ៥ គីឡូម៉ែត្រមានចំនួន ៥០០ នាក់ និងរត់ចម្ងាយ ២.៥ គីឡូម៉ែត្រចំនួន ៣០០នាក់
ចំណែកគោលដៅ គណៈកម្មការចាប់ពី ៤.០០០ទៅ ៥.០០០ នាក់ ៕



