តូក្យូ ៖ ប្រភពព័ត៌មានរដ្ឋាភិបាលជប៉ុនមួយបាននិយាយកាលពីថ្ងៃចន្ទថា ម្ចាស់ផ្ទះជប៉ុនកំពុងពិចារណាអនុញ្ញាតឲ្យក្រុមអត្តពលិកកូរ៉េខាងជើង និងអ្នកដទៃទៀតដែលពាក់ព័ន្ធនឹងការប្រកួតកីឡាអាស៊ី “Aichi-Nagoya Asian Games” ចូលប្រទេសមុនពេលបើកព្រឹត្តិការណ៍នៅចុងខែនេះ ដោយការប្រកួតប្រព្រឹត្តចាប់ពីថ្ងៃទី ១៩ ខែកញ្ញា ដល់ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ ។
រដ្ឋាភិបាលជាគោលការណ៍បានហាមឃាត់ជនជាតិកូរ៉េខាងជើងមិនឲ្យចូលប្រទេសជប៉ុនជាផ្នែកមួយនៃទណ្ឌកម្មប្រឆាំងនឹងកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង ប៉ុន្តែបានធ្វើករណីលើកលែងសម្រាប់ព្រឹត្តិការណ៍កីឡា។ ប្រទេសទាំង ២ មិនមានទំនាក់ទំនងការទូតឡើយ។
យោងតាមប្រភពមួយនៅសមាគមទូទៅនៃអ្នករស់នៅកូរ៉េគាំទ្រទីក្រុងព្យុងយ៉ាងនៅប្រទេសជប៉ុនថា គណៈប្រតិភូរបស់កូរ៉េខាងជើងសម្រាប់ការប្រកួតកីឡាអាស៊ី Aichi-Nagoya “ichi-Nagoya Asian Games” ចាប់ពីថ្ងៃទី ១៩ ខែកញ្ញា ដល់ថ្ងៃទី ៤ ខែតុលា ត្រូវបានគេរំពឹងថានឹងមានបុគ្គលប្រហែល ១៨០ នាក់។ វានឹងជាគណៈប្រតិភូដ៏ធំបំផុតមួយ ដែលកូរ៉េខាងជើងធ្លាប់បានបញ្ជូនទៅព្រឹត្តិការណ៍កីឡាមួយក្នុងប្រទេសជប៉ុន។
កូរ៉េខាងជើងមានអត្តពលិកជាច្រើន ត្រូវបានចាត់ទុកថា ជាក្រុមដែលមានប្រជាប្រិយភាពក្នុងការឈ្នះមេដាយមាសលើកប្រភេទកីឡាលើកទម្ងន់ និងចំបាប់។ ក្រុមបាល់ទាត់នារីរបស់ខ្លួនក៏កំពុងទទួលបានគាំទ្រ ដោយក្លឹបដែលមា
នមូលដ្ឋាននៅទីក្រុងព្យុងយ៉ាងបានឈ្នះពានរង្វាន់ Asian Champions League ក្នុងខែឧសភា។
ពលរដ្ឋកូរ៉េ ២ នាក់នៅប្រទេសជប៉ុន ជាអត្តពលិក ក៏ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយគណៈប្រតិភូកូរ៉េខាងជើងសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ី ដែលជាទូទៅប្រារព្ធឡើងរៀងរាល់ ៤ ឆ្នាំម្តង។ នៅឆ្នាំ ២០២៤ រដ្ឋាភិបាលជប៉ុនបានអនុញ្ញាតឲ្យអត្តពលិកកូរ៉េខាងជើងចូលប្រទេសសម្រាប់ការប្រកួតជម្រុះចុងក្រោយអាស៊ីក្នុងបាល់ទាត់នារីសម្រាប់ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស។
កូរ៉េខាងជើងមិនបានបញ្ជូនក្រុមកីឡាទៅចូលរួមព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូដែលបានប្រារព្ធឡើងនៅឆ្នាំ ២០២១ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩៕
