កីឡា

តើលោក José Mourinho អាចដឹកនាំ Real Madrid ឈ្នះពាន UEFA Champions League ឡើងវិញ ដើម្បីបង្ហាញថា លោកនៅតែជា «The Special One» បានដែរឬទេ?

បរទេស៖ ការត្រឡប់មកដឹកនាំក្លឹបអធិរាជស Real Madrid ជាលើកទីពីរ របស់លោក José Mourinho បានបង្កើតជាសំណួរ និងប្រធានបទក្តៅគគុក នៅក្នុងពិភពបាល់ទាត់ តើអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់រូបនេះ នៅតែមានសមត្ថភាព និងមន្តអាគមបាល់ទាត់ដើម្បីដឹកនាំក្រុមលើកពានរង្វាន់អឺរ៉ុប UEFA Champions League និងបញ្ជាក់ពីភាពជា «The Special One» របស់លោកបានដែរឬទេ?

តាមការចេញផ្សាយ ESPN នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦​ នេះថា បន្ទាប់ពីចាកចេញពី Real Madrid កាលពីឆ្នាំ ២០១៣ លោក Mourinho បានឆ្លងកាត់បទពិសោធន៍ដឹកនាំក្លឹបជាច្រើនដូចជា Chelsea, Manchester United, Tottenham Hotspur, AS Roma និង Fenerbahce ដោយទទួលបានជោគជ័យ និងការបរាជ័យលាយឡំគ្នា។ អ្នកវិភាគមួយចំនួនបានចោទសួរថា តើយុទ្ធសាស្ត្រការពារ និងរបៀបបាល់ទាត់បែបតឹងរ៉ឹងរបស់លោក នៅតែមានប្រសិទ្ធភាពក្នុងសម័យកាលបាល់ទាត់ទំនើបនេះដែរឬទេ?

លោក Mourinho ធ្លាប់បានឈ្នះពានរង្វាន់អឺរ៉ុបនេះចំនួន ២ លើករួចមកហើយ (ជាមួយ FC Porto ក្នុងឆ្នាំ ២០០៤ និង Inter Milan ក្នុងឆ្នាំ ២០១០) ប៉ុន្តែលោកមិនដែលបានកាន់ពាននេះជាមួយ Real Madrid ឡើយក្នុងអាណត្តិដំបូងរបស់លោក (កាលនោះត្រឹមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៣ រដូវកាលជាប់គ្នា)។ ការឈ្នះពាន Champions League លើកទី ១៦ ជូន Real Madrid នឹងក្លាយជាសមិទ្ធផលដ៏អស្ចារ្យបំផុតមួយ ដើម្បីបំបាត់មន្ទិលសង្ស័យទាំងឡាយលើរូបលោក។

ទោះបីជាមានការប្រឈមមុខច្រើនយ៉ាងណាក៏ដោយ ក៏បទពិសោធន៍ដ៏ក្រាស់ក្រៃ និងស្មារតីចង់ឈ្នះដ៏ខ្លាំងក្លារបស់លោក Mourinho ត្រូវបានគេរំពឹងថានឹងនាំមកនូវវិន័យ និងស្មារតីប្រយុទ្ធដ៏ម៉ឺងម៉ាត់សម្រាប់ Real Madrid ក្នុងរដូវកាលនេះ។

ប្រែសម្រួល៖ គីរី

Most Popular

To Top