សិង្ហបុរី៖ ផ្សែងអ័ព្ទ និងគុណភាពខ្យល់ធ្លាក់ចុះ អាចបង្កឱ្យមានរោគសញ្ញាដូចជា ក្អក រមាស់បំពង់ក ភ្នែកក្រហម ឬហូរទឹកភ្នែក កណ្តាស់ និងហៀរសំបោរ ។

តាមការចេញផ្សាយ CNA នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអោយដឹងថា វេជ្ជបណ្ឌិតឱសថបុរាណចិន Hoe Moi Chen មកពីមន្ទីរពេទ្យ Kwong Wai Shiu Hospital បានឱ្យដឹងថា តាមទស្សនៈ TCM ផ្សែងអ័ព្ទអាចបង្កភាពស្ងួត និងកម្ដៅដែលប៉ះពាល់ដល់សួត បំពង់ក ច្រមុះ ភ្នែក និងស្បែក។ អ្នកជំនាញបានណែនាំភេសជ្ជៈបែប TCM ចំនួន ៤ ប្រភេទសម្រាប់ជួយបន្ធូររោគសញ្ញា៖
- សម្រាប់ក្អកស្ងួត និងរមាស់បំពង់ក
ផ្សិតព្រិលស្ងួត និងផ្លែ Monk fruit អាចប្រើធ្វើជាតែ ដើម្បីជួយបន្ធូរភាពស្ងួត និងការរមាស់បំពង់ក តាមទស្សនៈ TCM។ - សម្រាប់ភ្នែកក្រហម ឬហូរទឹកភ្នែក
តែ Xia Sang Ju ដែលផ្សំពី Prunella vulgaris ស្លឹក Mulberry និងផ្កា Chrysanthemum អាចជួយបន្ធូរភាពស្ងួត និងក្រហមនៃភ្នែក។ - សម្រាប់ហៀរសំបោរ និងកណ្តាស់
តែជីអង្កាមស្រស់ និងសំបកក្រូចឆ្មា អាចផ្តល់អារម្មណ៍ធូរស្រាលដល់ផ្លូវដង្ហើម និងជួយបន្ធូរការតឹងច្រមុះ។ - សម្រាប់ស្បែកស្ងួត រមាស់ ឬកន្ទួល
ភេសជ្ជៈផ្សំពីរ៉ាឌីសពណ៌ស និងផ្លែសារីព្រិល ត្រូវបានប្រើតាមទស្សនៈ TCM ដើម្បីជួយបន្ថយភាពស្ងួត។ អ្នកដែលងាយត្រជាក់អាចបន្ថែមខ្ញី ឬស្ករត្នោត។
អ្នកជំនាញណែនាំឱ្យផឹកក្នុងបរិមាណសមរម្យ និងមិនគួរទទួលទានឱសថដែលមានលក្ខណៈ “ត្រជាក់” ឬជូរចត់ខ្លាំងជាប្រចាំ ជាពិសេសអ្នកចាស់ ឬអ្នកមានប្រព័ន្ធរំលាយអាហារខ្សោយ។
ជាមួយគ្នានេះ តែទាំងនេះ មិនអាចបណ្តេញភាគល្អិត PM2.5 ចេញពីសួត ឬជំនួសការព្យាបាលវេជ្ជសាស្ត្របានទេ។ អ្នកដែលមានរោគសញ្ញាផ្លូវដង្ហើមធ្ងន់ គួរទៅជួបគ្រូពេទ្យ។ ដើម្បីការពារខ្លួន គួរតាមដានគុណភាពខ្យល់ ពាក់ម៉ាស់នៅពេលចាំបាច់ និងរក្សាខ្យល់ក្នុងផ្ទះឱ្យស្អាត។
ប្រែសម្រួល៖ គីរី
