ភ្នំពេញ៖នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាព ការងារប្រចាំសប្តាហ៍ តាមការិយាល័យរបស់អង្គភាព ការត្រៀមលក្ខណៈ ក្នុងការរៀចំក្រុមការងារទទួលខុសត្រូវក្នុងការជូនដំណើរប្រតិភូកីឡាទៅចូលរួមប្រកួតកីឡ Asian Games លើកទី២០ នៅប្រទេសជប៉ុន នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដោយមានការចូលរួមពីអនុប្រធាន មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ប្រធាន អនុការិយាល័យ និងមន្ត្រីតាមការិយាលយនីមួយៗផងដែរ។

លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ក៏បានពិនិត្យលើរបាយការណ៍ ស្តីពីការចុះពិនិត្យតាមដានការងារ របស់អនុរក្សក្នុងការហាត់ហ្វឹកហ្វឺន របស់ក្រុមកីឡាជម្រើសជាតិ និងក្រុមយុវជនថ្នាលដែលកំពុងហ្វឹកហាត់ ត្រៀមលក្ខណៈសម្រាប់ចូលរួមព្រឹត្តិការណ៍ការប្រកួតអន្តរជាតិនានា ជាពិសេសព្រឹត្តិការណ៍ការប្រកួតកីឡាសកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨ នៅប្រទេសកម្ពុជា។

លោកប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ក៏បានពិនិត្យ វាយតម្លៃ និងពិភាក្សាលើវឌ្ឍនភាព នៃការអនុវត្តការងាររបស់ការិយាល័យនីមួយៗ ព្រមទាំងពិនិត្យស្ថានភាពនៃការហាត់ហ្វឹកហ្វឺន ការគ្រប់គ្រងកីឡាករ និងកីឡាការិនីជម្រើសជាតិ ការស្នាក់នៅ ហូបចុក ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការត្រៀមខ្លួនចូលរួម និងប្រកួតក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិនានា។

ក្នុងឱកាសនោះ លោកប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក៏បានផ្តល់អនុសាសន៍ដល់គ្រប់ការិយាល័យនីមួយៗ និងមន្ត្រីពាក់ព័ន្ធឲ្យបន្តពង្រឹងកិច្ចសហការឲ្យកាន់តែមានប្រសិទ្ធភាព យកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងតាមដានការហាត់ហ្វឹកហ្វឺនរបស់ក្រុមជម្រើសជាតិ ដើម្បីលើកកម្ពស់គុណផលបច្ចេកទេសដល់ក្រុមជម្រើសជាតិ និងយុវជនថ្នាលក្នុងការដណ្តើមមេដាយជូនជាតិមាតុភូមិ៕

