កីឡា

ក្លិបប៉េតង់សន្តិភាព និងក្លិបកីឡាប៉េតង់ BKA ឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៦

ភ្នំពេញ៖នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមកីឡាករក្លិបប៉េតង់សន្តិភាព និងក្រុមកីឡាករក្លិបប៉េតង់ BKA ដណ្តើមបានមេដាយមាសក្នុងការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីបានយកឈ្នះលើកគូនៅវគ្គផ្តាច់ព្រ័ត្រ ដែលការប្រកួតរៀបចំដោយ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។

វិញ្ញាសាវាយយកពិន្ទុ (បុរស)៖ ម្ចាស់មេដាយមាសបានទៅលើកីឡាករ ឡាយ សារុំ ក្លិបកីឡាប៉េតង់ BKA ម្ចាស់មេដាយប្រាក់បានទៅលើកីឡាករ សឹង សៅនី ក្លិបកីឡាប៉េតង់ វិស្ណុរាជ និងម្ចាស់មេដាយសំរិទ្ធ បានទៅលើកីឡាករ ហួត ដុងសាង ក្លិបកីឡាប៉េតង់ អាណាចក្រខ្មែរ ។ វិញ្ញាសាវាយ ១ទល់១ (បុរស)៖ ម្ចាស់មេដាយមាសបានទៅលើកីឡាករ ខែម វណ្ណៈ ក្លិបកីឡាប៉េតង់ BKA ម្ចាស់មេដាយប្រាក់ បានទៅលើកីឡាករ សាន អ៊ឹមស៊ត់ ក្លិបកីឡាប៉េតង់ ដំរីរីករាយ និងម្ចាស់មេដាយសំរិទ្ធ បានទៅលើកីឡាករ ឡាយ ស៊ុន ក្លិបកីឡាប៉េតង់ អាណាចក្រខ្មែរ ។

ចំណែកវិញ្ញាសាវាយ ២ ទល់នឹង ២ (បុរស)៖ ម្ចាស់មេដាយមាសបានទៅលើកីឡាករ ចាន់ វុទ្ធី និងកីឡាករ ស៊ុំ សឿង ក្លិបកីឡាប៉េតង់ សន្តិភាព ម្ចាស់មេដាយប្រាក់បានទៅលើកីឡាករ តុង បូរិទ្ធ និងកីឡាករ សៅ ខឹម ក្លិបកីឡាប៉េតង់ បូរិទ្ធរាជ និងម្ចាស់មេដាយសំរិទ្ធ បានទៅលើកីឡាករ ពេង ប៊ុនជឿន និងកីឡាករ វិរៈ សុផាលីម ក្លិបកីឡាប៉េតង់ BKA ។
ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ នៅទីលានវិទ្យាល័យជាស៊ីមសាមគ្គី មានក្រុមចូលរួមសរុបចំនួន១៩ ក្លឹប រួមមាន ក្លឹបកីឡាប៉េតង់ នាគព័ន្ធ ក្លឹបកីឡាប៉េតង់ ឌីជីអេ ក្លឹបកីឡាប៉េតង់ បូរិទ្ធរាជ្យ ក្លឹបកីឡាប៉េតង់ កូនខ្មែរ ក្លឹបកីឡាប៉េតង់ វិស្ណុរាជ ក្លឹបកីឡាប៉េតង់ យុវជនសាមគ្គី ក្លឹបកីឡាប៉េតង់ ជ.ស.សាមគ្គី និងក្លឹបកីឡាប៉េតង់ វិ.ដំរីរីករាយ។

ក្លឹបកីឡាប៉េតង់ សន្តិភាព ក្លឹបកីឡាប៉េតង់ កេសរហ៍ ក្លឹបកីឡាប៉េតង់ សុរិយាដី ក្លឹបកីឡាប៉េតង់ ហនុមាន ក្លឹបកីឡាប៉េតង់ អាណាចក្រខ្មែរ ក្លឹបកីឡាប៉េតង់ អគ្គាធិការដ្ឋាន ក្លឹបកីឡាប៉េតង់ ម៉ាស្ទ័រ ក្លឹបកីឡាប៉េតង់ សាមគ្គីមានជ័យ ក្លឹបកីឡាប៉េតង់ ម្លប់ស្វាយ ក្លឹបកីឡាប៉េតង់ ឥន្ទ្រីមាស និងកីឡាប៉េតង់ ក្លឹបBKH ប្រកួតលើ ៥ វិញ្ញាសារួមមាន វិញ្ញាសាវាយយកពិន្ទុ វាយ១ទល់១ វាយ២ទល់២ វាយ៣ទល់៣ និងវាយចម្រុះ(បុរស នារី)៕
ដោយ៖លី ភីលីព

Most Popular

To Top