កីឡា

លោក Jose Mourinho រិះគន់យ៉ាងចាស់ដៃ លើអាជ្ញាកណ្តាល និង VAR ជុំវិញករណី “កាតក្រហម ២ យ៉ាងច្បាស់ក្រឡែត” ក្នុងការប្រកួតជាមួយ Atletico Madrid

​បរទេស៖ អ្នកចាត់ការទូទៅ ក្រុមអធិរាជស Real Madrid លោក Jose Mourinho បានបញ្ចេញប្រតិកម្មយ៉ាងចាស់ដៃ ទៅលើការកាត់សេចក្តីរបស់អាជ្ញាកណ្តាល និងមន្ត្រី VAR បន្ទាប់ពីក្រុមរបស់លោកបានទទួលបរាជ័យក្នុងលទ្ធផល ២-១ ក្រោមថ្វីជើងក្រុមគូប្រជែងរួមទីក្រុង Atletico Madrid កាលពីថ្ងៃអាទិត្យ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន ESPN ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០៦។
​
នៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក Mourinho មិនបាននិយាយច្រើនអំពីទម្រង់លេងនោះទេ តែលោកបានកាន់សន្លឹករូបថតមកបង្ហាញអ្នកកាសែតតែម្តង ដោយលើកឡើងថា៖ “យើងមិនបាច់បន្តសន្និសីទនេះទេ ព្រោះសាច់រឿងនៃការប្រកួតគឺនៅទីនេះស្រាប់… ទាំងនោះគឺជាកាតក្រហមយ៉ាងច្បាស់ក្រឡែត។”

លោកបានចង្អុលបង្ហាញពីរូបភាពនៃការបង្កកំហុសរបស់កីឡាករ Cristian Romero ទៅលើ Jude Bellingham និងការចូលបាល់ពីសំណាក់កីឡាករ Lee Kang-in ទៅលើ Federico Valverde។ ជាលទ្ធផលកីឡាកររបស់ Atletico មិនទទួលបានកាតក្រហមនោះទេ តែ Real Madrid បែរជាត្រូវលេងសល់ត្រឹម ១០នាក់ទៅវិញ បន្ទាប់ពីខ្សែការពារ Dean Huijsen ត្រូវបានបណ្តេញចេញ។

បុរសសញ្ជាតិព័រទុយហ្គាល់រូបនេះបានរិះគន់ចំៗចំពោះការចាត់តាំងអាជ្ញាកណ្តាលលោក Ortiz Arias (វ័យ ៤១ឆ្នាំ) ដោយលើកឡើងថាគាត់គ្មានបទពិសោធន៍អន្តរជាតិគ្រប់គ្រាន់ និងមិនអាចទប់ទល់នឹង “សម្ពាធដ៏ធ្ងន់ធ្ងរដូចក្នុងទសវត្សរ៍ទី៨០” នៅក្នុងកីឡដ្ឋាន Metropolitano ឡើយ។

លោកក៏បានវាយប្រហារមន្ត្រី VAR លោក Daniel Jesus Trujillo ដោយចោទសួរថា ហេតុអ្វីបានជា VAR អន្តរាគមន៍តែមួយករណី តែបែរជាមើលរំលងករណីកំហុសធ្ងន់ធ្ងរផ្សេងទៀត។

ជាការឆ្លើយតប អ្នកចាត់ការក្រុម Atletico Madrid លោក Diego Simeone បានបដិសេធមិនចូលរួម ក្នុងការជជែកវែកញែកនេះទេ ដោយគ្រាន់តែដាស់តឿន ដល់គ្រូបង្វឹកទាំងអស់ឱ្យមានការប្រុងប្រយ័ត្នចំពោះសម្តីរបស់ខ្លួន និងគោរពព្រំដែននៃការរិះគន់ជាសាធារណៈ។
ប្រែសម្រួល៖ គីរី

Most Popular

To Top