កីឡា

ប្រធាន FIFA លោក Infantino ស្នើឲ្យមានការពិគ្រោះយោបល់ ជាមួយសហព័ន្ធនានា ដើម្បីធ្វើកំណែទម្រង់ FIFA

ទីក្រុងប៉ារីស៖កាលពីថ្ងៃចន្ទ លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានស្នើឲ្យមានការពិគ្រោះយោបល់ ជាមួយសហព័ន្ធសមាជិក ដើម្បីធ្វើកំណែទម្រង់ដំណើរការ សម្រេចចិត្តរបស់ស្ថាប័នគ្រប់គ្រងបាល់ទាត់ ពិភពលោកមួយនេះ ចំពោះការស្នើនេះត្រូវបានធ្វើឡើង តាមរយៈលិខិតមួយដែលផ្ញើទៅកាន់សមាគមសមាជិកទាំង ២១១ ហើយត្រូវបានទីភ្នាក់ងារព័ត៌មាន AFP ទទួលបាន។

លោក Infantino បានសរសេរថា ខ្ញុំនឹងស្នើឲ្យក្រុមប្រឹក្សាបង្កើត យន្តការពិគ្រោះយោបល់ដោយផ្ទាល់ មានរចនាសម្ព័ន្ធច្បាស់លាស់ និងមានកាលកំណត់ជាក់លាក់ ជាមួយសហព័ន្ធតំបន់ សមាគមសមាជិក និងភាគីពាក់ព័ន្ធនានា អំពីរបៀបពង្រឹងបន្ថែមទៀតនូវដំណើរ ការសម្រេចចិត្តរបស់ FIFA។

បុរសជនជាតិស្វីសវ័យ ៥៦ ឆ្នាំរូបនេះ បានទទួលរងការរិះគន់យ៉ាងខ្លាំង ចាប់តាំងពីមានផែនការ ក្នុងការនាំយកការវិនិយោគពីវិស័យឯកជនមកក្នុងព្រឹត្តិការណ៍ World Cup ផ្នែកបុរស និងនារី។

លិខិតនោះបានបន្តថា ការពិគ្រោះយោបល់នេះនឹងស្វាគមន៍រាល់សំណើជាក់លាក់នានា ពាក់ព័ន្ធនឹងការចូលរួមរបស់ស្ថាប័ននានាឲ្យបានឆាប់រហ័ស តួនាទីរៀងៗខ្លួនរបស់ប្រធាន គណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សា និងសមាជិកសន្និបាត ព្រមទាំងវិធីសាស្ត្រជាក់ស្តែងដើម្បីពង្រឹងតម្លាភាព ការចូលរួម និងគណនេយ្យភាពនៅក្នុងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រសំខាន់ៗ។

លោក Infantino បានស្នើឲ្យមានការពិចារណាលើ សំណើបឋមទាំងនេះក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែតុលា។

លោក Infantino បានឡើងកាន់តំណែងជាប្រធាន FIFA បន្តពីលោក Sepp Blatter នៅឆ្នាំ ២០១៦។ លោកបានទទួលរងសម្ពាធយ៉ាងខ្លាំង ចាប់តាំងពីមានការប្រកាសនៅចុងខែកក្កដា អំពីសំណើបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកពាណិជ្ជកម្មមួយ ដើម្បីគ្រប់គ្រងព្រឹត្តិការណ៍ធំៗរបស់ខ្លួន ដូចជា World Cup និង Club World Cup ជាដើម។

ផែនការនោះនឹងអនុញ្ញាតឲ្យវិនិយោគិនឯកជនអាចទិញភាគហ៊ុនក្នុងក្រុមហ៊ុនដែលបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម FIFA Forward Enterprise (FFE)។ ការប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លា ដែលកើតឡើងបន្ទាប់ពីនោះ បានធ្វើឲ្យសំណើទាំងនេះ ត្រូវបានផ្អាក ឬលុបចោលយ៉ាងឆាប់រហ័ស។

ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប (UEFA) បានគំរាមធ្វើពហិការ មិនចូលរួមការប្រកួតនានារបស់ FIFA។ ទោះបីជាក្រោយមក UEFA បានផ្អាកការគំរាមកំហែងនោះក៏ដោយ ក៏ពួកគេបានជំរុញឱ្យលោក Infantino លាលែងពីតំណែង និងកំពុងរៀបចំវិធានការផ្លូវច្បាប់ដែលអាចកើតមានប្រឆាំងនឹងរូបលោក ចំពោះការចោទប្រកាន់ពីបទ «ការគ្រប់គ្រងខុសឆ្គងក្នុងលក្ខណៈបទល្មើសព្រហ្មទណ្ឌ។

កាលពីដើមខែកញ្ញា FIFA បានបញ្ជាក់ថា លោក Infantino នឹងឈរឈ្មោះសម្រាប់ការបោះឆ្នោត ជ្រើសរើសប្រធានឡើងវិញ នៅខែមីនា ឆ្នាំក្រោយ។ នៅដំណាក់កាលនេះ គាត់គឺជាបេក្ខជនតែមួយគត់។ ទោះជាយ៉ាងណាក៏ដោយ លោក Victor Montagliani ប្រធានសហព័ន្ធ CONCACAF ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាគូប្រជែងដ៏មានសក្តានុពល៕

Most Popular

To Top