បរទេស៖ ព្រះអង្គម្ចាស់ William និងព្រះនាង Kate Middleton បានលេចធ្លោឡើងជាគូស្វាមីភរិយាដ៏មានឥទ្ធិពលបំផុតប្រចាំរាជវង្សអង់គ្លេស ខណៈដែលប្រជាប្រិយភាព និងការគាំទ្រពីសាធារណជនចំពោះព្រះនាង Kate ត្រូវបានគេប្រៀបធៀបទៅនឹងអតីតព្រះនាង Diana ។ នេះបើយោងតាមការលើកឡើងរបស់អ្នកជំនាញកិច្ចការរាជវង្ស ។
អ្នកស្រី Helena Chard អ្នកសារព័ត៌មាន និងជាអ្នកថតរូបជនជាតិអង់គ្លេស បានប្រាប់សារព័ត៌មាន Fox News Digital ថា ព្រះនាង Kate បានក្លាយជាតារាដ៏ភ្លឺស្វាងបំផុតរបស់របបរាជានិយម ហើយព្រះអង្គម្ចាស់ William ពិតជាសព្វព្រះទ័យនឹងភាពជោគជ័យនេះ ដោយមិនមានការច្រណែនឡើយ។

អ្នកស្រីបានបញ្ជាក់ថា៖ «វាមិនមែនត្រឹមតែជាកាតព្វកិច្ចនោះទេ។ ព្រះអង្គម្ចាស់ William មិនត្រឹមតែមានមោទកភាពទេ ថែមទាំងចាប់ព្រះទ័យយ៉ាងខ្លាំងទៀតផង។ ក្រោយចំណងអាពាហ៍ពិពាហ៍ជាងមួយទសវត្សរ៍ និងមានបុត្រាបុត្រី ៣អង្គ ព្រះអង្គនៅតែបន្តលង់ព្រះទ័យនឹងព្រះនាងជានិច្ច»។
អ្នកស្រី Chard បានបន្ថែមទៀតថា អាពាហ៍ពិពាហ៍ដែលទទួលបានការកោតសរសើរពីសាធារណជនកាន់តែខ្លាំងឡើងៗបែបនេះ គឺជារឿងកម្រណាស់។ ពួកទ្រង់បានសម្រេចនូវកិច្ចការដ៏លំបាកមួយ គឺការរក្សាបាននូវតុល្យភាពដ៏ល្អឥតខ្ចោះរវាងជីវិតឯកជន និងជីវិតជាសាធារណៈ។

ការលើកឡើងនេះ ធ្វើឡើងស្របពេលដែលអ្នកស្រី Jennie Bond អតីតអ្នកយកព័ត៌មានកិច្ចការរាជវង្សរបស់ស្ថាប័ន BBC បានប្រាប់សារព័ត៌មាន The Mirror ថា ព្រះអង្គម្ចាស់ និងព្រះនាងក្សត្រីយ៍នៃវែលស៍ (Wales) គឺជាគូស្វាមីភរិយាដ៏មានឥទ្ធិពល ដោយមានព្រះនាង Kate ជាត្បូងពេជ្រដ៏មានតម្លៃបំផុតប្រចាំរាជវង្ស។
អ្នកស្រី Bond បានគូសបញ្ជាក់ថា៖ «ព្រះអង្គម្ចាស់ William និងព្រះនាង Catherine ពិតជាមានភាពទាក់ទាញ (wow factor) ដូចដែលព្រះនាង Diana ធ្លាប់មាន។ សាធារណជនសព្វថ្ងៃ ពិតជាកោតសរសើរចំពោះព្រះនាងក្សត្រីយ៍ថ្មីនៃវែលស៍ ដែលមានរាងខ្ពស់ ស្រស់សោភា និងមានភាពរាក់ទាក់ ខណៈព្រះអង្គម្ចាស់ William ហាក់បង្ហាញក្តីមោទកភាពយ៉ាងខ្លាំង ដែលព្រះជាយារបស់ទ្រង់ទទួលបានការស្រឡាញ់គាំទ្រយ៉ាងច្រើនបែបនេះ»៕
ប្រែសម្រួល៖ គីរី
