បច្ចេកវិទ្យា

Meta ចាត់វិធានការលើគណនី អ្នកបោកប្រាស់ចំនួន ៣,៧ លាន ដោយមានជំនួយពីប៉ូលិសសិង្ហបុរី

សិង្ហបុរី៖ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គមយក្សអាមេរិក Meta បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានទប់ស្កាត់គណនី ទំព័រ និងខ្លឹមសារផ្សេងៗជាង ៣,៧ លាន ដែលពាក់ព័ន្ធនឹង ការបោកប្រាស់នៅឆ្នាំនេះ ដោយផ្អែកលើព័ត៌មាន ដែលផ្តល់ដោយប៉ូលិស ប្រទេសសិង្ហបុរី យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

ក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះបាននិយាយថា កងកម្លាំងប៉ូលិសសិង្ហបុរី (SPF) បានជួយក្រុមអ្នកស៊ើបអង្កេតរបស់ Meta ក្នុងការកំណត់អត្តសញ្ញាណ និង កម្ទេចបណ្តាញទាំងមូលរបស់ក្រុមអ្នកបោកប្រាស់ តាមរយៈកិច្ចសហប្រតិបត្តិការ ចែករម្លែកព័ត៌មានដែលមានតាំងពីពីរឆ្នាំមុនមក។

ថ្នាក់ដឹកនាំក្រុមហ៊ុនបាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា ចន្លោះខែមករា និងខែមិថុនា Meta បានលុបចោលគណនី និងទំព័រជាង ១១៣.០០០ ដែលពាក់ព័ន្ធនឹងការឆបោក និងការបោកប្រាស់នៅលើបណ្តាញសង្គម Facebook និង Instagram។

នៅខែមិថុនា Meta បាននិយាយថា ខ្លួនបានទប់ស្កាត់គណនី និងទំព័រជាង ៣៣.៦០០ ពាក់ព័ន្ធនឹងអ្នកបោកប្រាស់ ដែលព្យាយាមឆ្លៀតឱកាសក្នុងអំឡុង ពេលវិស្សមកាលសាលារៀនជិតមកដល់ ជាពេលដែលក្រុមគ្រួសារនានា ប្រញាប់ប្រញាល់ស្វែងរកការផ្តល់ជូនពិសេស នៅលើគេហទំព័រទេសចរណ៍។

ហើយនៅខែកក្កដា Meta បានចាត់វិធានការលើគណនី និងទំព័រជាង ៣,៦ លាន ដែលភាគច្រើនលើសលប់គឺជា ទំព័រទទេ (shell pages) ឬទំព័រដែលគ្មានខ្លឹមសារ និង មិនត្រូវបានប្រើប្រាស់សកម្ម ប៉ុន្តែអាចត្រូវបានក្រុមអ្នកបោកប្រាស់ យកទៅប្រើប្រាស់សម្រាប់សកម្មភាពរបស់ពួកគេនៅពេលអនាគត ដោយសារអ្នកបោកប្រាស់ប្រតិបត្តិការនៅលើវេទិកាផ្សេងៗគ្នា និងក្នុងប្រទេសជាច្រើន Meta តែម្នាក់ឯងមិនអាចមើលឃើញរូបភាពពេញលេញនៃបញ្ហានេះបានទេ។

លោក Daryl Poon នាយកផ្នែកទំនាក់ទំនងអនុវត្តច្បាប់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ Meta បាននិយាយថា អ្នកបោកប្រាស់ពឹងផ្អែកលើការពិតថា គ្មានស្ថាប័នតែមួយណាអាចមើលឃើញរូបភាពពេញលេញនៃបញ្ហានោះទេ។ អ្វីដែលយើងបានកសាងឡើងជាមួយកងកម្លាំងប៉ូលិសសិង្ហបុរី បានផ្លាស់ប្តូរស្ថានភាពនោះ។

លោកបានបន្តថា ព័ត៌មានដែលផ្តល់ដោយប៉ូលិស ជួយយើងឲ្យកំណត់អត្តសញ្ញាណការគំរាមកំហែង ដែលយើងប្រហែលជាមិនអាចមើលឃើញដោយខ្លួនឯងបាន។ សមត្ថភាពរបស់យើងក្នុងការចាត់វិធានការក្នុងកម្រិតធំ មានន័យថាបណ្តាញទាំងនេះអាចត្រូវបានកម្ទេចចោល មុនពេលដែលពួកវាអាចទៅដល់មនុស្សកាន់តែច្រើន។ លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការជាមួយ SPF គឺជាគំរូមួយដែលយើងចង់បន្តពង្រីកបន្ថែមទៀតនៅទីនេះ និងនៅទូទាំងតំបន់។

អ្នកស្រី Clara Koh នាយកផ្នែកគោលនយោបាយសាធារណៈប្រចាំតំបន់អាស៊ីអាគ្នេយ៍ បាននិយាយថា បច្ចុប្បន្ននេះអ្នកបោកប្រាស់កំពុងប្រតិបត្តិការក្នុងកម្រិតទ្រង់ទ្រាយធំ ហើយកំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតគណនីក្លែងក្លាយជាច្រើនបង្កើតរូបភាពក្លែងក្លាយ និងបង្កើតកូដដែលមានគ្រោះថ្នាក់។ អ្នកស្រីបានបន្ថែមថា Metaកំពុងបន្តវិនិយោគលើការកសាង ប្រព័ន្ធការពារនៅទូទាំងវេទិកា និងចាត់វិធានការយ៉ាងឆាប់រហ័ស លើខ្លឹមសារបោកប្រាស់ដែលរំលោភ លើគោលការណ៍ ជាពិសេស មុនពេលដែលមាននរណាម្នាក់ បានឃើញខ្លឹមសារទាំងនោះ៕

Most Popular

To Top