កូរ៉េខាងត្បូង៖សេចក្តីរាយការណ៍ អំពីបញ្ហាគាំងភ្លាមៗ ការបិទដំណើរការ និងការចាប់ផ្តើមដំណើរការឡើងវិញ ដោយស្វ័យប្រវត្តិ កំពុងកើនឡើងក្នុងចំណោមអ្នកប្រើប្រាស់ iPhone 18 Pro និង Pro Max ស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ ពីការដាក់លក់ក្នុងប្រទេសកូរ៉េ កាលពីថ្ងៃសុក្រ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ koreajoongangdaily។
យោងតាមប្រភពព័ត៌មានក្នុងវិស័យបច្ចេកវិទ្យា និងសហគមន៍អនឡាញកាលពីថ្ងៃអង្គារ អ្នកប្រើប្រាស់ iPhone 18 Pro និង Pro Max ជាច្រើននាក់ទាំងនៅប្រទេសកូរ៉េខាងត្បូង និងនៅក្រៅប្រទេស បាននិយាយថា ទូរសព្ទរបស់ពួកគេគាំង ឬបិទដំណើរការភ្លាមៗ ហើយបន្ទាប់មកចាប់ផ្តើមដំណើរការឡើងវិញដោយខ្លួនឯង។ នៅពេលកំហុសនេះកើតឡើង មានចំណុចមួយឈ្មោះថា “Panic-full” នឹងលេចឡើងក្នុងកំណត់ត្រាវិភាគរបស់ឧបករណ៍។
មូលហេតុពិតប្រាកដមិនទាន់ត្រូវបាន កំណត់អត្តសញ្ញាណនៅឡើយទេ ខណៈអ្នកប្រើប្រាស់មួយចំនួនអះអាងថា ទូរសព្ទរបស់ពួកគេគាំង ឬចាប់ផ្តើមឡើងវិញក្នុងអំឡុងពេលផ្ទៀងផ្ទាត់ Face ID។
អ្នកប្រើប្រាស់មួយចំនួនត្រូវបានគេរាយការណ៍ថា បានស្នើសុំឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ជំនួស ឬសងប្រាក់វិញបន្ទាប់ពីជួបប្រទះបញ្ហាដូចគ្នាច្រើនដង។ អ្វីដែលកាន់តែធ្វើឲ្យអ្នកប្រើប្រាស់ខកចិត្តនោះគឺថាបញ្ហានេះអាចពិបាកក្នុងការគ្របដណ្តប់តាមរយៈការធានារ៉ាប់រងទូរសព្ទចល័ត។
ដោយសារតែបញ្ហានេះមិនពាក់ព័ន្ធនឹងការបាត់បង់ ការលួច ឬការខូចខាតរាងកាយពីផលប៉ះពាល់ខាងក្រៅ ការសងប្រាក់វិញ ឬការផ្លាស់ប្តូរដែលបង្កឡើងដោយបញ្ហាជាទូទៅ មិនត្រូវបានគ្របដណ្តប់ដោយផែនការ ធានារ៉ាប់រងទូរស័ព្ទ ចល័តដែលលក់ដោយក្រុមហ៊ុន ផ្តល់សេវាទូរគមនាគមន៍កូរ៉េនោះទេ៕
