សិល្បៈ និង កម្សាន្ត

តារាសម្តែង នាង Hwang Jung Eum កូរ៉េម្នាក់សារភាពថា នាងធ្លាប់ធ្វើការវះកាត់ពង្រីកដើមទ្រូងដោយសម្ងាត់

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា នាង Hwang Jung Eum ជាតារាសម្តែង និងជាតារាចម្រៀងកូរ៉េខាងត្បូង បានសារភាពថា នាងធ្លាប់បានវះកាត់ពង្រីកដើមទ្រូងដោយសម្ងាត់ ហើយនៅពេលក្រោយមកទៀត នាងក៏បានសម្រេចចិត្តយកវត្ថុដែលដាក់បញ្ចូលនោះចេញវិញ។

នៅថ្ងៃទី ២៣ ខែកញ្ញា វីដេអូមួយដែលមានចំណងជើងថា “ថ្ងៃដែលខ្ញុំទៅទិញខោអាវក្នុងនៅផ្សារ Namdaemun” ត្រូវបានបង្ហោះនៅលើឆានែល YouTube របស់តារាសម្តែងនាង Hwang Jung Eum។

វីដេអូនោះ នាង Hwang Jung Eum បានទិញសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខ ដូចជាស្បែកជើងសម្រាប់ម៉ាស្សាជើង និងឧបករណ៍ដុសសម្អាតខ្លួន នៅផ្សារ Namdaemun។ ក្រុមការងារផលិតកម្មបានណែនាំឲ្យនាងទិញខោអាវក្នុង ដោយលើកឡើងថា នៅទីនេះមានហាងលក់ខោអាវក្នុងល្បីៗជាច្រើន ប៉ុន្តែនាង Hwang Jung Eum បានធ្វើឲ្យគេចាប់អារម្មណ៍ដោយនិយាយថា និយាយតាមត្រង់ទៅ ខ្ញុំគិតថាការទិញខោអាវក្នុងគឺខ្ជះខ្ជាយលុយណាស់។ ខ្ញុំមិនត្រូវការវាទេ។ ជាធម្មតា ខ្ញុំមិនពាក់អាវទ្រនាប់ទេ ប៉ុន្តែខ្ញុំប្រើស្ទីកឃ័រសម្រាប់បិទក្បាលសុដន់ជំនួសវិញ។

នាងក៏បាននិយាយអំពីបញ្ហាជជែកវែកញែកលើវីដេអូមួយកាលពីពេលថ្មីៗនេះ ពាក់ព័ន្ធនឹងការមិនពាក់អាវទ្រនាប់ ដោយនាងបានពន្យល់យ៉ាងត្រង់ទៅត្រង់មកថា ថ្ងៃនោះជាថ្ងៃថតកម្មវិធី ដូច្នេះខ្ញុំបានពាក់អាវក្នុងធ្វើពីក្រណាត់ឡេស គ្មានពែងទ្រ។ សំណាងល្អ ដែលគេឃើញខ្សែអាវរបស់ខ្ញុំ។ វាមិនមែនមានន័យថាខ្ញុំមិនបានពាក់អាវទ្រនាប់នោះទេ។ តាមពិតទៅ ថ្ងៃនេះទើបជាថ្ងៃដែលខ្ញុំមិនពាក់អាវទ្រនាប់ពិតប្រាកដ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ នាងបានធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលដោយសារការទម្លាយរឿងមួយថា កាលពីនៅក្មេង ខ្ញុំចង់ឲ្យដើមទ្រូងរបស់ខ្ញុំមើលទៅធំជាងមុន។ នៅឆ្នាំ ២០១០ ការវះកាត់ពង្រីកដើមទ្រូង គឺជាការពេញនិយមខ្លាំង។ ខ្ញុំបានសម្រេចចិត្តវះកាត់ដោយមិនបានប្រាប់នរណាម្នាក់ឡើយ សូម្បីតែក្រុមគ្រួសាររបស់ខ្ញុំក៏មិនបានដឹងដែរ»។

នាង Hwang Jung Eum បានបន្ថែមថា បើប្រៀបធៀបទៅ ទំហំដើមទ្រូងគឺខុសគ្នាពីពេលនោះ ប៉ុន្តែក្រោយការវះកាត់ ចរន្តឈាមមិនដំណើរការល្អទេ ហើយខ្ញុំក៏ញ៉ាំអាហារច្រើនដើម្បីឲ្យឆាប់ជាសះស្បើយ ដែលធ្វើឲ្យខ្ញុំឡើងទម្ងន់។ វត្ថុ ដាក់បញ្ចូលក្នុងដើមទ្រូងនោះមានអារម្មណ៍ថា ធ្ងន់ ហើយវាធ្វើឲ្យខ្នងរបស់ខ្ញុំកោង។

ទីបំផុត នាង Hwang Jung Eum មានអារម្មណ៍មិនស្រួលខ្លួនបន្ទាប់ពីការវះកាត់ពង្រីកដើមទ្រូងនោះ ហើយនាងក៏បានសម្រេចចិត្តវះកាត់យកវត្ថុដែលដាក់បញ្ចូលនោះចេញវិញ។ នាងបានបង្ហាញពីអារម្មណ៍ធូរស្រាលដោយនិយាយថា សម័យនេះ ការមិនវះកាត់កែសម្ផស្សកំពុងតែពេញនិយម ដូច្នេះខ្ញុំក៏បានយកវាចេញដែរ។ ឥឡូវនេះ រាងកាយរបស់ខ្ញុំមានអារម្មណ៍ស្រួលខ្លាំងណាស់។ ខ្ញុំថែមទាំងឆ្ងល់ខ្លួនឯងទៀតថា ហេតុអ្វីបានជាខ្ញុំសម្រេចចិត្តធ្វើវានៅពេលដំបូងនោះ៕

Most Popular

To Top