វ៉ាស៊ីនតោន៖កាលពីថ្ងៃសុក្រ TikTok បានយល់ព្រមបង់ប្រាក់ យ៉ាងហោចណាស់ ១០០ លានដុល្លារដល់រដ្ឋ Alabama និងដាក់ចេញ នូវការកំណត់ពេលវេលាប្រើប្រាស់ រួមទាំងការរឹត បន្តឹងផ្សេងទៀត សម្រាប់អ្នកប្រើប្រាស់ជាយុវវ័យ ខណៈការសម្រេចចិត្តនេះ ជួយជៀសវាងការកាត់ក្តី នៅតុលាការ ដោយអនុវត្តតាមគំរូនៃកិច្ចព្រមព្រៀង ដែលក្រុមហ៊ុន Meta (ម្ចាស់កម្មវិធី Instagram) បានធ្វើជាមួយរដ្ឋនានាកាលពីពេលថ្មីៗនេះ។
ការកាត់ក្តីមួយត្រូវបានគ្រោងនឹងចាប់ផ្តើមនៅថ្ងៃចន្ទ នៅរដ្ឋ Alabama ភាគខាងត្បូងអាមេរិក ពាក់ព័ន្ធនឹងការចោទប្រកាន់របស់រដ្ឋនេះថា បណ្តាញសង្គម TikTok បានបោកបញ្ឆោតឪពុកម្តាយអំពីឧបករណ៍នានាដែលមានគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់។
អគ្គរដ្ឋអាជ្ញា Steve Marshall បានកោតសរសើរចំពោះកិច្ចព្រមព្រៀងនេះថា ជាថ្ងៃដ៏ល្អសម្រាប់ឪពុកម្តាយនៅរដ្ឋ Alabama។ លោកបាននិយាយថា នៅយប់នេះ ពួកគេអាចមានអារម្មណ៍ធូរស្រាលជាងមុន ដោយដឹងថាមានវិធានការ ការពារជាក់ស្តែងដើម្បីការពារកូនៗ របស់ពួកគេពីគ្រោះថ្នាក់នៃការញៀនបណ្តាញសង្គម។
យោងតាមកិច្ចព្រមព្រៀងនេះ ថា TikTok នឹងបង់ប្រាក់ចំនួន ១០០ លានដុល្លារដល់រដ្ឋ Alabama ហើយអាចនឹងបង់រហូតដល់ ៣០០ លានដុល្លារសរុប ប្រសិនបើរដ្ឋផ្សេងទៀតយល់ព្រមលើកិច្ចព្រមព្រៀងស្រដៀងគ្នានេះ។ បណ្តឹងរបស់រដ្ឋ Alabama គឺជាករណីចុងក្រោយបំផុតនៅក្នុងរលកនៃការប្តឹងផ្តល់ទៅលើក្រុមហ៊ុនបណ្តាញសង្គមនានាទូទាំងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងផលប៉ះពាល់អវិជ្ជមានដែលកម្មវិធីរបស់ពួកគេត្រូវបានចោទប្រកាន់ថាបង្កឡើងដល់អ្នកប្រើប្រាស់វ័យក្មេង។
កាលពីខែសីហា ក្រុមហ៊ុន Meta បានយល់ព្រមបង់ប្រាក់ចំនួន ១៨ ពាន់លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងដ៏ធំមួយដែលដាក់ដោយរដ្ឋនានា ដែលចោទប្រកាន់ក្រុមហ៊ុននេះថា បានរចនា Instagram និង Facebook ក្នុងគោលបំណងធ្វើឲ្យកុមារញៀននឹងកម្មវិធីទាំងនេះ។
កិច្ចព្រមព្រៀងរបស់ TikTok ជាមួយរដ្ឋ Alabama មានលក្ខណៈស្រដៀងគ្នាទៅនឹងវិធានការសុវត្ថិភាពដែល Meta បានយល់ព្រមអនុវត្ត រួមមានការកំណត់ពេលវេលាប្រើប្រាស់ត្រឹម ២ ម៉ោងក្នុងមួយថ្ងៃសម្រាប់យុវវ័យ ការរឹតបន្តឹងការចូលប្រើប្រាស់ចាប់ពីម៉ោង ១២ យប់ដល់ម៉ោង ៦ ព្រឹក និងការផ្អាកការជូនដំណឹងក្នុងអំឡុងពេលម៉ោងសិក្សា ៕
