បរទេស ៖ ការសិក្សាស្រាវជ្រាវបង្ហាញថា ការខ្វះទំនាក់ទំនងសង្គមអាចប៉ះពាល់ ដល់សុខភាពស្មើនឹងការជក់បារី ១៥ដើមក្នុងមួយថ្ងៃ។ ស្របពេលដែលភាពឯកោបានក្លាយជាបញ្ហាសុខភាព សាធារណៈដ៏ធំ ដែលមានមនុស្សវ័យជំទង់ និងមនុស្សពេញវ័យជាច្រើនកំពុងជួបប្រទះ អ្នកជំនាញបានរកឃើញវិធីសាស្ត្រ ជាក់ស្តែងផ្អែកលើវិទ្យាសាស្ត្រ ដើម្បីជួយមនុស្សពេញវ័យក្នុងការបង្កើត និងពង្រឹងមិត្តភាព នេះបើតាមការចេញផ្សាយលពី CNN នាពេលថ្មីៗនេះ។

ការបង្កើតមិត្តភាពត្រូវការ ធាតុផ្សំគោលចំនួនពីរគឺ៖ “ការប្រាស្រ័យទាក់ទងគ្នាជាប្រចាំ និងការចាប់អារម្មណ៍រវាងគ្នា ទៅវិញទៅមក” ។ ដើម្បីសម្រេចចំណុចនេះ អ្នកជំនាញណែ នាំឱ្យស្វែងរក “ទីផ្សារមិត្តភាព” ដែលជាកន្លែង ប្រមូលផ្តុំមនុស្សដែលមានការបើកចំហរក្នុងការរាប់អានមិត្តថ្មី។ កន្លែងទាំងនោះអាចជា ក្លឹបរត់ហាត់ប្រាណ ថ្នាក់រៀនសិល្បៈ ឬសហគមន៍ជនបរទេស ដែលមានអត្តសញ្ញាណ គោលដៅ ឬចំណូលចិត្តស្រដៀងគ្នា ហើយអនុញ្ញាតឱ្យអ្នកមានឱកាសជួបមុខគ្នាជាប្រចាំ។
បច្ចុប្បន្ន មនុស្សច្រើនពឹងផ្អែកលើបច្ចេកវិទ្យា (App) ជំនួសឱ្យការពឹងពាក់មិត្តភក្តិលើកិច្ចការតូចតាច។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបញ្ជាក់ថា ការហ៊ានសុំជំនួយពីអ្នកដទៃ តាមពិតអាចធ្វើឱ្យពួកគេកាន់តែចូលចិត្តអ្នក។ ការផ្តល់ឱកាសឱ្យនរណាម្នាក់បានជួយអ្នក គឺជាការផ្តល់អារម្មណ៍ល្អ និងមានតម្លៃដល់ពួកគេ ព្រោះមនុស្សទូទៅតែងតែមានអារម្មណ៍រំភើប និងមានមោទនភាពនៅពេល ដែលពួកគេអាចជួយដោះ ស្រាយបញ្ហាឱ្យអ្នកដទៃបាន។
ការហ៊ានចែករំលែករឿងរ៉ាវផ្ទាល់ខ្លួន ឬបង្ហាញពីចំណុចខ្សោយខ្លះៗ នៅក្នុងការសន្ទនា អាចជួយបង្កើនទំនុកចិត្ត និងភាពស្និទ្ធស្នាលបានយ៉ាងលឿន ។ អ្នកជំនាញបានផ្តល់ជារង្វាស់ងាយៗមួយគឺ៖ ប្រសិនបើរឿងនោះជារឿង ដែលអ្នកមិនហ៊ាននិយាយប្រាប់មនុស្សចម្លែកនៅលើឡានក្រុង នោះវាគឺជារឿងដែលអាចបង្កើតភាពស្និទ្ធស្នាលបាន។ ទោះជាយ៉ាងណា ការបើកចំហរនេះគួរតែធ្វើឡើងសន្សឹមៗ និងមួយៗ ដើម្បីរក្សាព្រំដែនទំនាក់ទំនង ដោយមិនផ្តល់សម្ពាធដល់ភាគីម្ខាងទៀត។
ប្រែសម្រួល៖គីរី
