កីឡា

កីឡាករ Cristiano Ronaldo គួរតែបោះបង់តួនាទី នៅជម្រើសជាតិព័រទុយហ្គាល់ ហើយប្រកាសចូលនិវត្តន៍

បរទេស៖ មុនការប្រកួតពានរង្វាន់ Nations League របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ទល់នឹងក្រុមជម្រើសជាតិវែលស៍ កាលពីសប្តាហ៍មុន កីឡាករ Cristiano Ronaldo ត្រូវបានអ្នកសារព័ត៌មានសួរថា តើលោកធ្លាប់មានគំនិតចង់ចូលនិវត្តន៍ ពីបាល់ទាត់អន្តរជាតិដែរឬទេ បន្ទាប់ពីព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ នេះបើយោតាមការចេញផ្សាយពីសារព័ត៌មាន​ Goal ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។

ជាការឆ្លើយតប ខ្សែប្រយុទ្ធវ័យចំណាស់រូបនេះបានបញ្ជាក់ថា៖ “បាទ ខ្ញុំធ្លាប់គិត។ ខ្ញុំតែងតែគិតជានិច្ចពីការសម្រេចចិត្ត អនាគត និងបច្ចុប្បន្នភាពរបស់ខ្ញុំ។ ខ្ញុំជាមនុស្សដែលចូលចិត្តគិត ទើបអ្នកនៅតែឃើញខ្ញុំនៅទីនេះ ដែលមានន័យថាខ្ញុំនឹងបន្តលេងទៀត។ ខ្ញុំបានពិភាក្សាជាមួយប្រធានសហព័ន្ធ និងគ្រូបង្វឹក ហើយខ្ញុំនៅតែជឿជាក់ថា ខ្ញុំមានសមត្ថភាពអាចជួយក្រុមជម្រើសជាតិបាន… ខ្ញុំអាចជួយគាំទ្រក្រុម មិនត្រឹមតែការរកគ្រាប់បាល់នោះទេ តែរួមទាំងការងារក្រៅទីលានផងដែរ សម្រាប់កីឡាករជំនាន់ថ្មីនេះ។ ប៉ុន្តែសម្រាប់ខ្ញុំ ចំណុចគោលដៅសំខាន់បំផុតគឺ ការអាចបង្ហាញខ្លួនលើទីលាន រកគ្រាប់បាល់ និងជួយក្រុមឱ្យទទួលបានជ័យជម្នះ។”

ទោះជាយ៉ាងណាក៏ដោយ ការលើកឡើងរបស់លោកហាក់ផ្ទុយពីការពិត ព្រោះលោកមិនអាចសម្រេចបាននូវ “ចំណុចគោលដៅសំខាន់” នេះឡើយ ក្នុងព្រឹត្តិការណ៍ធំៗ ៣ ចុងក្រោយជាប់គ្នា។ រ៉ូណាល់ដូ រកបានតែ ១គ្រាប់គត់ ក្នុងការបង្ហាញខ្លួន ៥ប្រកួតនៅ World Cup 2022 និងមិនអាចរកគ្រាប់បាល់បានសោះនៅ Euro 2024។ ថ្វីត្បិតតែលោកទាត់បញ្ចូលទីបាន ៣គ្រាប់នៅ World Cup 2026 នៅទ្វីបអាមេរិកខាងជើងក្តី ប៉ុន្តែ ២គ្រាប់គឺជាការលេងទល់នឹងក្រុមទន់ខ្សោយ អ៊ូសបេគីស្ថាន (ឈ្នះ ៥-០ ក្នុងវគ្គសន្សំពិន្ទុ) និង ១គ្រាប់ទៀតជាបាល់ប៉េណាល់ទី ក្នុងការប្រកួតដ៏ចម្រូងចម្រាសទល់នឹងក្រូអាត ក្នុងវគ្គ៣២ក្រុមចុងក្រោយ ដែលវាជាពេលតែមួយគត់ដែលលោកបានប៉ះបាល់ក្នុងប្រអប់គ្រោះថ្នាក់ ក្នុងរយៈពេល ៨១នាទីនៅលើទីលាន។

ខ្សែប្រយុទ្ធរូបនេះ ស្ទើរតែគ្មានឥទ្ធិពលអ្វីទាល់តែសោះក្នុងការប្រកួតទល់នឹង ម៉ារ៉ុក បារាំង និងអេស្ប៉ាញ ដែលជាអ្នកទម្លាក់ព័រទុយហ្គាល់ចេញពីព្រឹត្តិការណ៍ទាំងនោះ។ ប៉ុន្តែដោយសារតែឥទ្ធិពលឈ្មោះរបស់លោក ក្រុមទាំងមូលនៅតែត្រូវបង្វិលជុំវិញលោក ដោយកីឡាករផ្សេងទៀតត្រូវប្រឹងប្រែងរត់ជួសលោក និងព្យាយាមបញ្ជូនបាល់ឱ្យលោកដើម្បីបញ្ចប់ទី។

ធ្លាប់មានពេលវេលាមួយដែលទម្រង់លេងបែបនេះស័ក្តិសម (លោកមានកំណត់ត្រាដ៏អស្ចារ្យគឺ ១៤៦គ្រាប់ ក្នុង ២៣៤ប្រកួត) នៅពេលដែលលោកជាខ្សែប្រយុទ្ធដ៏មុតស្រួចបំផុតក្នុងពិភពលោក។ ប៉ុន្តែអ្នកវិភាគយល់ថា លោកបានបាត់បង់ងារនេះតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។ ការធ្លាក់ចុះទម្រង់លេងរបស់កំពូលកីឡាកររូបនេះ ជារឿងដ៏គួរឱ្យសោកស្តាយ ហើយវាជារឿងពិបាកយល់ដែលលោកនៅតែព្យាយាមតោងទាមកន្លែងក្នុងវ័យ ៤១ឆ្នាំ។ គ្មាននរណាម្នាក់អាចយកឈ្នះពេលវេលាបានទេ សូម្បីតែអត្តពលិកដ៏អស្ចារ្យដូចជា រ៉ូណាល់ដូ ក៏ដោយ។

លោក Jorge Jesus ដែលធ្លាប់ដឹកនាំ រ៉ូណាល់ដូ ឈ្នះជើងឯក Saudi Pro League នៅក្លិប Al-Nassr កាលពីរដូវកាលមុន ត្រូវបានតែងតាំងជាគ្រូបង្វឹកជម្រើសជាតិព័រទុយហ្គាល់ ជំនួសលោក Roberto Martinez។ លោក Jesus បានកោះហៅ រ៉ូណាល់ដូ ចូលក្រុមវិញ ដោយចាត់ទុកលោកថាជា “និមិត្តសញ្ញារបស់ព័រទុយហ្គាល់”។

ប៉ុន្តែលោក Jesus បានសង្កត់ធ្ងន់យ៉ាងច្បាស់ថា៖ “ថាតើគាត់នឹងបានចូលលេងឬអត់ គាត់គ្មានសិទ្ធិទាមទារនោះទេ វាជាការសម្រេចចិត្តរបស់គ្រូបង្វឹក។” សម្តីនេះ គឺជាអ្វីដែលគ្រូបង្វឹកមុនៗមិនហ៊ាននិយាយនៅចំពោះមុខ រ៉ូណាល់ដូ នោះទេ សូម្បីតែលោក Fernando Santos ដែលធ្លាប់ហ៊ានដាក់លោកឱ្យអង្គុយកៅអីបម្រុង ២ដងនៅ World Cup 2022 ក៏ដោយ។

ទោះបីជាការកោះហៅនេះស្ថិតក្នុងលក្ខខណ្ឌក៏ដោយ រ៉ូណាល់ដូ នៅតែព្យាយាមបង្ហាញការទទួលយក ជាមួយនឹងអាកប្បកិរិយាជឿជាក់ខ្ពស់របស់លោក ដោយលោកបានបញ្ជាក់ថា៖ “នៅពេលណាដែលពួកគេមិនត្រូវការខ្ញុំ ខ្ញុំនឹងក្លាយជាមនុស្សដំបូងដែលរៀបចំវ៉ាលីដើរចេញ។ ព័រទុយហ្គាល់នៅតែត្រូវការខ្ញុំ នោះហើយជាមូលហេតុដែលខ្ញុំនៅទីនេះ។ មើលតែតួលេខទៅ អ្នកនឹងដឹងថាខ្ញុំនៅតែធ្វើបានល្អ។ ខ្ញុំតែងតែជាអ្នកគាំទ្រលេខ១ របស់សហព័ន្ធ។”

អតីតកំពូលតារាឆ្នើមរបស់ Manchester United និង Real Madrid រូបនេះ បានបន្ថែមចុងក្រោយថា៖ “ខ្ញុំដឹងថាហេតុអ្វីបានជាក្មេងៗស្រឡាញ់ខ្ញុំ ព្រោះពួកគេចាត់ទុកខ្ញុំជាគំរូ ហើយខ្ញុំនឹងបន្តធ្វើបែបនេះសូម្បីតែពេលខ្ញុំចូលនិវត្តន៍នៅ ១០ឆ្នាំខាងមុខក៏ដោយ។ មិនសំខាន់ថាថ្ងៃស្អែកខ្ញុំបានលេង ឬត្រូវសម្រាកនោះទេ សំខាន់គឺខ្ញុំមានអារម្មណ៍ល្អ ខ្ញុំផ្តោតលើអ្នកដែលស្រឡាញ់ខ្ញុំ ជាជាងអ្នកដែលរិះគន់ខ្ញុំ ដូច្នេះខ្ញុំជាមនុស្សដែលមានក្តីសុខ។”

ប្រែសម្រួល៖ គីរី

Most Popular

To Top