កីឡា

អ្នកចាត់ការថ្មីជម្រើសជាតិបារាំង Zidane ខកខានជ័យជម្នះក្នុងទឹកដីខ្លួនឯង ក្រោយ បារាំង ត្រឹមស្មើជាមួយ អ៊ីតាលី ១-១

បរទេស៖ ក្រុមជម្រើសជាតិអ៊ីតាលីបានបង្ហាញសារជាថ្មីថា ពួកគេគឺជាគូប្រជែងដ៏ស្វិតស្វាញមួយសម្រាប់លោក Zinedine Zidane ដោយបានប្រកួតស្មើក្នុងលទ្ធផល ១-១ ក្នុងការបង្ហាញខ្លួនជាលើកដំបូងក្នុងទឹកដីរបស់លោក ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំង កាលពីថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០២៦ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន ESPN ។

​ជំនួបនៅកីឡដ្ឋាន Stade de France នេះ ហាក់ដូចជានឹងក្លាយជាការស្វាគមន៍ដ៏កក់ក្តៅសម្រាប់លោក Zidane ទៅហើយ បន្ទាប់ពីខ្សែប្រយុទ្ធ Michael Olise បានស៊ុតបញ្ចូលទីបើកឆាកយ៉ាងអស្ចារ្យពីចម្ងាយបុករបារទីចូលនៅនាទីទី៥៥។ ប៉ុន្តែការបញ្ជូនបាល់ខុសពីសំណាក់កីឡាករ Lucas Da Cunha បានផ្តល់ឱកាសឱ្យខ្សែការពារកណ្តាលរបស់អ៊ីតាលី Alessandro Bastoni អូសបាល់ស៊ុតបញ្ចូលទីតាមស្មើវិញនៅ ១៣នាទីបន្ទាប់ (នាទីទី៦៨)។

​ក្រុមម្ចាស់ផ្ទះបន្តខកចិត្តដោយសារការសង្គ្រោះបាល់ដ៏អស្ចារ្យជាច្រើនលើកពីសំណាក់អ្នកចាំទីវ័យក្មេង Gianluigi Donnarumma មុនពេលស្ថានការណ៍កាន់តែអាក្រក់នៅចុងម៉ោង ក្រោយពេលខ្សែការពារ Dayot Upamecano ទទួលបានកាតក្រហម (កាតលឿងពីរដង) បណ្តេញចេញពីទីលាន។
​លោក Zidane បានថ្លែងក្រោយចប់ការប្រកួតថា “ខ្ញុំមានការសោកស្ដាយជំនួសកីឡាករ ព្រោះយើងស័ក្តិសមនឹងទទួលបានលទ្ធផលល្អជាងនេះ។ យើងមានឱកាសដើម្បីបិទការប្រកួត ប៉ុន្តែយើងធ្វើមិនបាន ហើយបាល់ទាត់ជួនកាលក៏បែបនេះឯង។ ប៉ុន្តែវាជាការលើកទឹកចិត្តមួយ។ និយាយដោយស្មោះ ខ្ញុំមានមោទនភាពចំពោះទម្រង់លេងរបស់យើង។”

​នេះគឺជាលើកទីមួយហើយដែលលោក Zidane វ័យ ៥៤ឆ្នាំ ត្រូវប្រឈមមុខជាមួយក្រុមជម្រើសជាតិអ៊ីតាលី ចាប់តាំងពីព្រឹត្តិការណ៍ប្រើក្បាលហុក (Headbutt) ដ៏ចម្រូងចម្រាសនៅវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០០៦ ដែលធ្វើឱ្យលោកទទួលកាតក្រហមក្នុងការប្រកួតចុងក្រោយក្នុងអាជីពរបស់លោក មុនពេលអ៊ីតាលីឈ្នះពានដោយការទាត់បាល់ប៉េណាល់ទី។

​ក្នុងនាមជាអតីតកីឡាករដែលធ្លាប់ជួយបារាំងឈ្នះ World
Cup ឆ្នាំ១៩៩៨ (រួមទាំងការទាត់បញ្ចូលទីមួយគ្រាប់នៅកីឡដ្ឋាននេះកាលបើកសម្ពោធ) ការមកដល់របស់លោកក្នុងនាមជាគ្រូបង្វឹកជំនួសលោក Didier Deschamps ទទួលបានការគាំទ្រយ៉ាងខ្លាំង។ អ្នកគាំទ្រនៅកីឡដ្ឋាន Stade de France បានស្រែកហៅឈ្មោះ “Zizou, Zizou” ព្រមទាំងមានផ្ទាំងបដាសរសេរថា “ស្វាគមន៍ការត្រឡប់មកផ្ទះវិញ” ខណៈប្រព័ន្ធផ្សព្វផ្សាយនៅស្ថានីយ៍រថភ្លើងជិតកីឡដ្ឋានក៏បានចាក់សារស្វាគមន៍ផងដែរ។

​
​សម្រាប់លោក Roberto Mancini ដែលទើបត្រឡប់មកដឹកនាំជម្រើសជាតិអ៊ីតាលីជាលើកទីពីរ លទ្ធផលស្មើនៅទឹកដីក្រុមជម្រើសជាតិបារាំង គឺជាលទ្ធផលដ៏គួរឱ្យកត់សម្គាល់មួយ ខណៈដែលលោកកំពុងព្យាយាមស្តារក្រុមឡើងវិញ បន្ទាប់ពីការខកខានវគ្គជម្រុះ World Cup ៣លើកជាប់ៗគ្នា។

​ឆ្លងកាត់ការប្រកួតនេះ ក្រុមមាន់គកបារាំងនៅតែបន្តឈរនៅកំពូលតារាងនៃពូលប្រកួត Nations League របស់ខ្លួន ដោយមានពិន្ទុនាំមុខក្រុមបែលហ្ស៊ិក ១ពិន្ទុ ខណៈអ៊ីតាលីឈរនៅលេខ៣ ដោយតាមពីក្រោយបារាំង ៣ពិន្ទុ។ សម្រាប់ការប្រកួតបន្ទាប់ បារាំងនឹងត្រូវបើកទ្វារស្វាគមន៍បែលហ្ស៊ិក ខណៈអ៊ីតាលីនឹងត្រូវទទួលភ្ញៀវតួកគី។

ប្រែសម្រួល៖ គីរី

Most Popular

To Top